AFC Cup: ប៉ះ Ceres Negros ល្ងាចនេះ គ្រូបឹងកេតរំពឹងចាញ់តិចគ្រាប់ តែបើឈ្នះរឹតតែល្អ​!

នូ មករា April 11, 2018


ភ្នំពេញ៖ លោក កែវ កុសល គ្រូបង្វឹកក្រុមបឹងកេតអែហ្វស៊ី ហាក់មិនសូវមានជំនឿចិត្តក្នុងការសងសឹកក្រុម Ceres Negros របស់ហ្វីលពីន នៅក្នុងវគ្គជម្រុះពូលF នៃពានរង្វាន់ AFC Cup 2018 នាព្រលប់ថ្ងៃទី១១ ខែមេសានេះឡើយ ប៉ុន្ដែលោកបានប្ដេជ្ញាចិត្តនឹងជំរុញកូនក្រុមធ្វើឲ្យបានល្អបំផុត ពោលបើចាញ់ក៏ចាញ់តិច ហើយបើឈ្នះកាន់តែល្អប្រសើរ បន្ទាប់ពីរងបរាជ័យយ៉ាងចាស់ដៃក្នុងលទ្ធផល ៩-០ ក្រៅដីកាលពីជើងទី១ ។
 
គ្រូបង្វឹកកម្រិតរូបនេះ បានទទួលស្គាល់ពីចំណុចខ្លាំងរបស់ក្រុម Ceres Negros ដោយកីឡាករម្នាក់ៗ មានបច្ចេកទេសលេងល្អរៀងៗខ្លួន ដែលផ្ទុយពីក្រុមបឹងកេត កំពុងមានបញ្ហាខ្លះ ពិសេសត្រូវបាត់បង់កីឡាករសំខាន់ម្នាក់ គឺកីឡាករ Samuel Gbenga Ajayi ។ លោកនិយាយថា៖ «តែអ្វីដែលខ្ញុំរំពឹង មានន័យថា យើងចង់ឈ្នះ ក៏ប៉ុន្ដែបើយើងមើលទៅ ធ្វើម៉េចពួកយើងធ្វើឲ្យបានល្អជាងការប្រកួតលើកទី១ អាចថា ពី ៩-០ មកចាញ់ ១គ្រាប់, ២គ្រាប់ ឬក៏ស្មើ ហើយបើឈ្នះកាន់តែល្អ» ។
ក្រឡេកទៅលោក Risto Vidakovic គ្រូបង្វឹកក្រុម Ceres Negros វិញ បានអះអាងថា នឹងមិនទុកមុខឲ្យក្រុមបឹងកេតឡើយ ដោយសារក្រុមរបស់លោកត្រូវការ ៣ពិន្ទុបន្ថែម ដើម្បីកក់កៅអីវគ្គបន្ដ ដូច្នេះក្រុមលោកត្រូវការឈ្នះដាច់ខាតក្នុងការប្រកួតនេះ ។ តែយ៉ាងណាលោកក៏មិនមើលងាយលើសមត្ថភាពក្រុមបឹងកេត ព្រោះលោកជឿជាក់លើក្រុមបឹងកេត នឹងធ្វើបានល្អជាងកាលជើងទី១ ។ សូមបញ្ជាក់ថា ការប្រកួតជើងទី២ រវាងក្រុមបឹងកេត និងក្រុម Ceres Negros នឹងធ្វើឡើងលើទីលានពហុកីឡដ្ឋានជាតិ នាវេលាម៉ោង ៦៖៣០នាទីល្ងាចនេះ ហើយក៏មានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV-News ផងដែរ ៕


អត្ថបទ៖ បុត្រា

 

មតិយោបល់