ភ្លេចៗខ្លួន! បឹងកេត ត្រូវសងសឹកក្រុមខ្លាំង Ceres-Negros ដែលធ្លាប់លត់ ៩-០ ស្អែកនេះ

នូ មករា April 10, 2018


ភ្នំពេញ៖ ក្រុមបាល់ទាត់បឹងកេតអែហ្វស៊ីរបស់កម្ពុជា នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិ ទទួលក្រុមជើងខ្លាំងហ្វីលីពីន Ceres-Negros នាវេលាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ស្អែកនេះ នៅក្នុងជំនួបជើងទី២ នៃវគ្គជម្រុះពានរង្វាន់ក្លឹបបាល់ទាត់ជើងឯកអាស៊ី AFC Cup 2018 ប្រចាំពូលF ។ នេះគឺជាការប្រកួតដ៏សំខាន់ ហើយក៏ជាការសងសឹករបស់ក្រុមបឹងកេតផងដែរ បន្ទាប់ពីត្រូវក្រុម Ceres-Negros បំបាក់លើទឹកដីហ្វីលីពីន ដោយលទ្ធផល ៩-០ កាលពីជើងទី១ ។
យ៉ាងណាមិញបឹងកេត ហាក់មានឱកាសស្ដួចស្ដើងបំផុត ក្នុងដណ្ដើមកៅអីវគ្គបន្ដ តែបើមិនអាចសងសឹកក្រុម Ceres-Negros ថ្ងៃស្អែកបានទេ បឹងកេតនឹងត្រូវហាលអាវតែម្ដង បើទោះបីសល់មួយប្រកួតក្នុងដៃ ជាមួយក្រុម Shan United របស់មីយ៉ាន់ម៉ាក៏ដោយ ។
សូមបញ្ជាក់ថា បច្ចុប្បន្នក្រុមបឹងកេតកំពុងឈរបាត់តារាង និងមាន ៣ពិន្ទុក្នុងដៃ ក្រោយឆ្លងកាត់ ៤ប្រកួតឈ្នះ១ និងចាញ់ ៣ ស្មើក្រុម Shan United ។ ប៉ុន្ដែក្រុម Ceres-Negros កំពុងគ្រងតំណែងកំពូលតារាងមាន ១០ពិន្ទុ ជាមួយលទ្ធផល ៤ប្រកួតឈ្នះ៣ ស្មើ១ មិនទាន់ស្គាល់ចាញ់ ។ រីឯក្រុម Home United របស់សិង្ហបុរី កំពុងឈរលេខរៀងទី២ និងមាន ៧ពិន្ទុក្នុងដៃ ៕
អត្ថបទ៖ បុត្រា

មតិយោបល់