គ្រូវិសាខា ចាត់ទុកបរាជ័យក្រោមថ្វីជើងអាស៊ីអឺរ៉ុប ២-០ ជាមេរៀនដ៏ល្អសម្រាប់ក្រុមរបស់ខ្លួន!

នូ មករា April 9, 2018


ភ្នំពេញ៖ ការបរាជ័យរបស់ក្រុមជើងខ្លាំងវិសាខា ក្រោមថ្វីជើងក្រុមបាល់ទាត់អាស៊ីអឺរ៉ុប ដោយលទ្ធផល ២-០ កាលពីចុងសប្ដាហ៍កន្លងទៅ បានធ្វើឲ្យភ្ញាក់ផ្អើលជាខ្លាំងក្នុងការប្រកួតសប្ដាហ៍ទី៤ នៃលីគកំពូលកម្ពុជា ប៉ុន្ដែការរបូត ៣ពិន្ទុលើកដំបូងនេះ មិនបានធ្វើឲ្យប៉ះពាល់ស្មារតីកីឡាករនោះទេ ផ្ទុយទៅវិញ វាបានក្លាយជាមេរៀនដ៏ល្អដើម្បីកែប្រែចំណុចខ្វះរបស់កូនក្រុមទៀតផង ។ នេះបើតាមការបញ្ជាក់របស់លោក ហុក សុជីវ័ន្ដ គ្រូបង្វឹកក្រុមបាល់ទាត់វិសាខា ។

ប្អូនប្រុសបង្កើត លោក ហុក សុចិត្រា បានបញ្ជាក់ថា៖ «ការបរាជ័យនេះ គឺជាចំណុចល្អវិញ សម្រាប់ខ្ញុំ ព្រោះតាំងពីដើមមក មិនថាកីឡាករក្លឹបខ្ញុំ ឬក្លឹបដទៃទេ ពេលឈ្នះពួកគាត់ គិតថាខ្លួនឯងខ្លាំង តែងតែមានអំនួតធ្វើឲ្យពួកគាត់ភ្លេចខ្លួន ។ ប៉ុន្ដែអាការបរាជ័យនេះ ប្រហែលជាអាចធ្វើឲ្យពួកគាត់ដឹងខ្លួនច្រើន» ។ លោកសង្ឃឹមថា កីឡាករទាំងអស់ នឹងផ្លាស់ប្ដូរឥរិយាបថមើលងាយដៃគូ មុនការប្រកួត ដើម្បីចៀសផុតការទទួលបានលទ្ធផលមិនល្អ ព្រោះការប្រកួតមិនមែនអង្គុយទទួលបានជ័យជម្នះរហូតឡើយ ។

សូមបញ្ជាក់ថា នេះគឺជាលើកទី១ ដែលក្រុមវិសាខា ស្គាល់ពាក្យចាញ់ក្នុងការបង្ហាញខ្លួនលើកដំបូង ក្នុងលីគកំពូលកម្ពុជា បន្ទាប់ពីឆ្លងកាត់ ៤ប្រកួតឈ្នះ២ ស្មើ១ និងចាញ់ ១ មាន ៧ពិន្ទុឈរលេខរៀងទី៥ មាន ៧ពិន្ទុស្មើក្រុមភ្នំពេញក្រោន និងក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិដែរ ។ រីឯជ័យជម្នះរបស់ក្រុមអាស៊ីអឺរ៉ុប បច្ចុប្បន្នក្រុមលំដាប់បាត់តារាងឆ្នាំចាស់នេះ បានឡើងមកឈរលេខ៧ បណ្ដោះអាសន្ន និងមាន ៦ពិន្ទុក្នុងដៃ ៕

អត្ថបទ៖ បុត្រា

មតិយោបល់