លីគកំពូលកម្ពុជាឆ្នាំនេះ មានក្រុមខ្លាំងលើសពី Top-6?

នូ មករា April 9, 2018


ភ្នំពេញ៖ លីគកំពូលកម្ពុជា ឆ្នាំ២០១៨ បានបញ្ចប់ការប្រកួតសន្សំពិន្ទុជើងទី១ ចំនួន ៤សប្ដាហ៍មកហើយ ដោយពីមួយប្រកួតទៅមួយសុទ្ធសឹងជាគូជក់ចិត្ត និងពិបាកក្នុងការទស្សន៍ទាយលទ្ធផលទុកមុន ព្រោះដើមរដូវកាលថ្មីនេះ គេសង្កេតឃើញមានក្រុមមួយចំនួន ហាក់ឡើងជើងគួរឲ្យកត់សម្គាល់តួយ៉ាងដូចជាក្រុមវិសាខា ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ(ប៉ូលិស) និងក្រុមអាស៊ីអឺរ៉ុបជាដើមដែលនាំឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំង ។

កាលពីប៉ុន្មានរដូវកាលមុន ក្រុមត្រូវបានចាត់ទុកជាក្រុមជើងខ្លាំងលំដាប់ ៦ក្រុមកំពូលតារាង(Top-6) គេឃើញមានដូចជាក្រុមបឹងកេត, ក្រសួងការពារជាតិ, ភ្នំពេញក្រោន, ណាហ្គាវើល, ព្រះខ័នរាជស្វាយរៀង និងក្រុមអង្គរថាយហ្គឺរជាដើម តែរដូវកាលថ្មីនេះ ក្រោយក្រុមចំណូលថ្មី វិសាខា បាននាំយកកីឡាករកូរ៉េខាងជើង ៤រូបពីក្រុមក្រសួងការពារជាតិ គេក៏បានចាត់ទុកវិសាខា ជាក្រុមខ្លាំងក្នុងចំណោមនោះដែរ ។ ប៉ុន្ដែឈានដល់ការប្រកួតផ្លូវការហាក់មិនដូច្នោះឡើយ ដោយលទ្ធផលមានការប្រែប្រួលគ្រប់ពេល ប្រសិនបើក្រុមណាមួយ មានការធ្វេសប្រហែស ជាក់ស្ដែងក្រុមខ្លាំងមួយចំនួនក៏បានបរាជ័យក្រោមថ្វីជើងក្រុមមិនសូវមានការចាប់អារម្មណ៍របស់មហាជនហើយដែរ ។ តើរដូវកាលថ្មីនេះ លីគកំពូលកម្ពុជា មានក្រុមខ្លាំងៗលើសពី Top-6 ឬយ៉ាងណា?

បើក្រឡេកមើលលទ្ធផលជាបណ្ដោះអាសន្ន ក្រោយបញ្ចប់ការប្រកួត ៤សប្ដាហ៍កន្លងមក គេឃើញក្រុមមួយចំនួន ពិតជាបានបង្ហាញភាពខ្លាំងហើយបានប្រជែងកៅអី Top-6 ជាមួយក្រុមខ្លាំងៗកាលពីរដូវកាលមុនជាបណ្ដើរៗហើយ ដូចជាក្រុមអាស៊ីអឺរ៉ុបជាដើម ត្បិតពេលនេះ ពួកគកំពុងឈរលេខ៧ ហើយកាន់ ៦ពិន្ទុក្នុងដៃ តែបើនិយាយពីលទ្ធផលកន្លងមក ពួកគេបានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ជាខ្លាំង ក្រោយប្រកួតបើកឆាកចាញ់បឹងកេតត្រឹម ៣-៤, ចាញ់ក្រសួងការពារជាតិត្រឹម ១-២ តែបានយកឈ្នះក្រុមសូលទីឡូអង្គរ ២-១ និងចុងក្រោយលត់ក្រុមខ្លាំងវិសាខា ២-០ ទៀតផង ។

យ៉ាងណាមិញ នេះគ្រាន់តែជាជំហានចាប់ផ្ដើមប៉ុណ្ណោះ ខណៈការប្រកួតសល់ជាច្រើនសប្ដាហ៍ទៀត ទើបរកឃើញក្រុមជើងឯក ។ ប៉ុន្ដែបើប្រៀបធៀបលទ្ធផលជាក់ស្ដែងពេលនេះ លីគកំពូលកម្ពុជា ឆ្នាំ២០១៨ ពិតជាមានក្រុមខ្លាំងៗច្រើន ដែលសរបញ្ជាក់ឲ្យឃើញពីភាពរីកចម្រើននៃវិស័យបាល់ទាត់កម្ពុជាបច្ចុប្បន្ន ។ រីឯតារាងចំណាត់ថ្នាក់បណ្ដោះអាសន្នវិញ ពេលនេះក្រុមណាហ្គាវើល និងបឹងកេតកំពុងឈរលំដាប់កំពូលតារាងមាន ១០ពិន្ទុស្មើគ្នា គ្រាដែលក្រុមក្រសួងការពារជាតិតាមពីក្រោយ ដោយមាន ៩ពិន្ទុ ក្រោយឆ្លងកាត់ការប្រកួត ៤លើកដូចគ្នា ៕

អត្ថបទ៖ បុត្រា

មតិយោបល់