Malaysia FA Cup៖ ក្រុម វឌ្ឍនាកា ស្មើក្រុមខ្លាំង Johor ខណៈថ្ងៃនេះក្រុម សុខផេង ប្រកួតម្ដង

នូ មករា April 7, 2018


ភ្នំពេញ៖ ការប្រកួតបាល់ទាត់ក្របខណ្ឌពានលំដាប់ទី២ របស់ម៉ាឡេស៊ី Malaysia FA Cup 2018 បានឈានដល់វគ្គ ៨ក្រុមចុងក្រោយហើយ គ្រាដែលការប្រកួតជើងទី១ កាលពីយប់មិញ ក្រុមខ្លាំង Pahang FA ដែលកីឡាករឆ្នើមកម្ពុជា ចាន់ វឌ្ឍនាកា កំពុងប្រកបអាជីពជាមួយ បានប្រកួតស្មើក្រុមជើងខ្លាំង Johor Darul Ta’zim FC ក្នុងលទ្ធផល ០-០ ។ ចំណែកថ្ងៃនេះ នឹងមានការប្រកួតបង្គ្រប់ជើងទី១ ចំនួន ៣ប្រកួតផ្សេងទៀត ក្នុងនោះក៏មានក្រុម PKNP ដែលកីឡាករឆ្នើមរបស់កម្ពុជា កែវ សុខផេង កំពុងលេងជាមួយ ត្រូវធ្វើការប្រកួតផងដែរ ។ 

សម្រាប់ជំនួបរវាងក្រុម Pahang FA របស់តារាបាល់ទាត់ជំនាញជើងឆ្វេង ចាន់ វឌ្ឍនាកា និងក្រុមជើងឯកលីគកំពូលម៉ាឡេស៊ី Johor Darul Ta’zim FC បានទទួលការគាំទ្រយ៉ាងខ្លាំង ពិសេសគឺការប្រកួតដ៏ជក់ចិត្តរយៈពេល ៩០នាទី ដោយគ្មានការទាត់បញ្ចូលទីគ្នាឡើយ បើទោះបីក្រុមទាំងពីរមានឱកាសបញ្ចប់ទីច្រើនលើកច្រើនសារដូចគ្នាក៏ដោយ ។ ហេតុនេះ ក្រុមជើងខ្លាំងទាំងពីរ នឹងត្រូវជួបគ្នាជើងទី២ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ខាងមុខ នៅលើទឹកដីរបស់ក្រុម Johor Darul Ta’zim FC ដើម្បីកាត់សេចក្ដីឈ្នះ-ចាញ់រកក្រុមខ្លាំងមួយ បន្ដដំណើរទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។

ចំពោះកម្មវិធីប្រកួតនាល្ងាចថ្ងៃទី០៧ ខែមេសានេះវិញ គឺក្រុម PKNP របស់កីឡាករ កែវ សុខផេង ត្រូវបើកទ្វារផ្ទះទទួលក្រុម Felda United នៅក្នុងជំនួបជើងទី១ ដូចគ្នា ។ រីឯ ២ប្រកួតទៀត គឺក្រុម Perak ប៉ះក្រុម PKNS FC និងក្រុម Kuala Lumpur ប៉ះក្រុម Selangor ។ ដោយឡែកការប្រកួតជើងទី២ គឺគ្រោងធ្វើឡើងនៅថ្ងៃទី២០-២១ ខែមេសាខាងមុខដូចគ្នា ៕

អត្ថបទ៖ បុត្រា

មតិយោបល់