ដឹងតែកក្រើក! គ្រូណាហ្គាវើលថា ប៉ះភ្នំពេញក្រោនស្អែកនេះ បើអត់បាន ៣ពិន្ទុគឺត្រូវអត់ដូចគ្នា!

នូ មករា April 6, 2018


ភ្នំពេញ៖ លោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើល បានបង្ហាញភាពជឿជាក់ជាខ្លាំងលើកូនក្រុមរបស់ខ្លួន សម្រាប់ការត្រៀមខ្លួនជួបក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន នៅក្នុងជំនួបក្របខណ្ឌលីគកំពូលកម្ពុជា សប្ដាហ៍ទី៤ នាវេលាម៉ោង ៦ល្ងាចថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨នេះ ។ មិនតែប៉ុណ្ណោះ លោកបានអះអាងថា ការប្រកួតដ៏សំខាន់នេះ បើសិនក្រុមខ្លួនរកមិនបាន ៣ពិន្ទុទេ ក្រុមភ្នំពេញក្រោន ក៏មិនអាចឈ្នះដែរ ពោលគឺត្រូវស្មើគ្នាជារឿងដ៏ល្អបំផុត ។ នេះគឺជាគូឯកប្រចាំសប្ដាហ៍ទី៤ ដែលអ្នកគាំទ្រកំពុងទន្ទឹងរង់ចាំទស្សនា ក្នុងនោះលោក មាស ចាន់ណា ក៏បានចាត់ទុកការប្រកួតនេះ គឺជំនួបដ៏សំខាន់ និងជក់ចិត្តផងដែរ ។

លោកថា ក្រុមទាំងពីរសុទ្ធតែមានបទពិសោធន៍ជោគជាំក្នុងលីគកំពូលកម្ពុជា ។ បើនិយាយពីសមត្ថភាពរបស់កីឡាករនៃក្រុមទាំងពីរ ក៏មិនលើសខ្វះគ្នាប៉ុន្មានដែរ ពោលគឺបើសិនក្រុមណាមានការធ្វេសប្រហែលនឹងមានគ្រោះថ្នាក់ ។ ដូច្នេះលោកបានប្ដេជ្ញានឹងពង្រឹងតំបន់ការពារឲ្យបានរឹងមាំបំផុត ដើម្បីការពារការរបូតគ្រាប់បាល់ ។ ប៉ុន្ដែយ៉ាងណាលោកនៅតែរំពឹងថា កូនក្រុមខ្លួននឹងធ្វើបានល្អក្នុងការប្រកួតនេះ ដើម្បីស្វែងរក ៣ពិន្ទុឲ្យខានតែបាន ដើម្បីរក្សាកៅអីចំណាត់ថ្នាក់ ៤ក្រុមកំពូលតារាង(Top-4) ។ តែក្នុងករណីក្រុមណាហ្គាវើលមិនអាចដណ្ដើម ៣ពិន្ទុពីភ្នំពេញក្រោនបានទេ លោកក៏មិនឲ្យក្រុមម្ចាស់ផ្ទះរកបាន ៣ពិន្ទុដែរ គឺលោកនឹងប្រើវិធីសាស្ដ្រគ្រប់បែបយ៉ាង ដើម្បីធ្វើឲ្យការប្រកួតនេះបញ្ចប់ដោយលទ្ធផលស្មើគ្នា ឬចែកគ្នា ១ពិន្ទុម្នាក់ ដើម្បីរក្សាគម្លាតតិចក្នុងតារាងពិន្ទុ ដែលក្រុមនីមួយៗត្រូវការពិន្ទុច្រើនជាងគេ ដើម្បីលើកពាននាចុងរដូវកាល ។

សូមបញ្ជាក់ថា បច្ចុប្បន្នក្រុមភ្នំពេញក្រោន និងក្រុមណាហ្គាវើល កំពុងឈរកៅអី Top-4 ដោយមាន ៧ពិន្ទុស្មើគ្នា ក្រោយឆ្លងកាត់ ៣ប្រកួតឈ្នះ២ និងស្មើ១ ។ ចំពោះកម្មវិធីថ្ងៃស្អែក ក្រៅពីជំនួបដ៏ជក់ចិត្តខាងលើ ក៏មាន ២គូផ្សេងទៀតផងដែរ គឺក្រុមសូលទីឡូអង្គរ ប៉ះក្រុមការពារតំណែងជើងឯកបឹងកេតអែហ្វស៊ី និងក្រុមវិសាខា ជួបក្រុមអាស៊ីអឺរ៉ុប នៅលើទីលានពហុកីឡដ្ឋានជាតិដូចគ្នា ៕

អត្ថបទ៖ បុត្រា

មតិយោបល់