ឈិន ឈឿន ត្រៀមដឹកនាំក្រុមបាល់ទាត់ចូលរួមប្រកួតពានមួយ ក្រោយបង្កើតបានកន្លះឆ្នាំ

នូ មករា April 6, 2018


ភ្នំពេញ៖ សមាជិកក្រុមបាល់ទាត់ក្រសួងការពារជាតិកីឡាករ ឈិន ឈឿន បានត្រៀមខ្លួនដឹកនាំក្រុមបាល់ទាត់ក្មេងខ្ចីមួយ ដែលទើបបង្កើតបានរយៈពេល ៥ខែ គឺក្រុមទន្សោងអែហ្វស៊ី ដើម្បីចូលរួមពានរង្វាន់ពាក់កណ្ដាលអាជីពមួយ ឈ្មោះថា “ពានរង្វាន់ Khmer Real Estate League 2018” នៅចុងខែមេសា ឆ្នាំ២០១៨នេះ ។
តាមការឲ្យដឹងពី ឈិន ឈឿន បានបញ្ជាក់ថា ក្រុមទន្សោងអែហ្វស៊ីនេះ ទើបបង្កើបបាន ៤ ឬ ៥ខែប៉ុណ្ណោះ ក្រោមការផ្ដួចផ្ដើមគំនិតរបស់បងធម៌របស់ខ្លួន(មិនបង្ហាញឈ្មោះ) ដោយមានខ្លួនជាអ្នកចាត់ការទូទៅ ។ នេះគឺជាលើកទី១ ហើយ ដែលក្រុមទន្សោងអែហ្វស៊ី បានដាក់ពាក្យចូលរួមប្រកួតពានរង្វាន់ពាក់កណ្ដាលអាជីព Khmer Real Estate League ឆ្នាំ២០១៨។
 
«ការចូលរួមពានរង្វាន់នេះ ដោយសារខ្ញុំចង់ផ្ដល់ឱកាសឲ្យកីឡាករក្មេងៗ ដែលស្រលាញ់បាល់ទាត់ តែមិនទាន់មានឱកាសលេងកម្រិតអាជីព មានឱកាសបង្ហាញសមត្ថភាព និងប្រម៉ូតខ្លួនឯង ដើម្បីទាក់ចិត្តក្លឹបធំៗ នៃលីគកំពូលកម្ពុជា ក្រែងទៅថ្ងៃក្រោយពួកគេ អាចសម្រេចក្ដីស្រម៉ៃបានចូលរួមជាមួយក្លឹបណាមួយ» ។ នេះគឺជាសម្ដីរបស់អតីតកីឡាករជម្រើសជាតិកម្ពុជា ឈិន ឈឿន ។
 
សូមបញ្ជាក់ថា ពានរង្វាន់ Khmer Real Estate League ឆ្នាំ២០១៨ គឺមាន ២០ក្រុមចូលរួម ដែលត្រូវប្រកួតជាលក្ខណៈលីគ ដោយប្រកួតសន្សំពិន្ទុ ២ជើង ក្រុមមានពិន្ទុខ្ពស់ជាងគេ នឹងក្លាយជាជើងឯក ។ ចំពោះកាលបរិច្ឆេទក្នុងការប្រកួតពាននេះ គ្រោងនឹងចាប់ផ្ដើមនៅថ្ងៃទី២១ ខែមេសាខាងមុខ ហើយគ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០១៨ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់