Ruud Van Nistelrooy: អរគុណច្រើនកម្ពុជា!

នូ មករា April 6, 2018


សៀមរាប៖ អតីតខ្សែប្រយុទ្ធលំដាប់ពិភពពលោក Ruud van Nistelrooy បានថ្លែងនៅលើបណ្តាញសង្គម Instagram របស់ខ្លួនជាមួយនឹងរូបភាពនៅខាងមុខប្រាសាទអង្គរវត្តថា «អរគុណច្រើនកម្ពុជា» អមដោយស្នាមញញឹមដ៏ស្រស់ស្រាយផងដែរ បន្ទាប់ពីបានបំពេញទស្សនកិច្ចនៅលើទឹកដីកម្ពុជាក្នុងព្រឹត្តិការណ៍ Share The Trophy ដែលត្រូវបានរៀបចំឡើងជាលើកដំបូងនៅក្នុងព្រះរាជាណាចក្រកម្ពុជានោះ ។

សូមបញ្ជាក់ថា ដំណើរមកកាន់ទឹកដីអាសុីអាគ្នេយ៍ជាលើកដំបូងជាមួយនឹងវត្តមានពានរង្វាន់ UEFA Champion League នេះ​បានទទួលការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់អ្នកនិយមកីឡាបាល់ទាត់នៅកម្ពុជា ខណៈដែលកីឡាករឆ្នើម Ruud van Nistelrooy បានថ្លែងដែរថា លោកពិតជាមានក្តីរីករាយឥតឧបមាបន្ទាប់ពីទទួលបានការស្វាគមន៍ពីប្រជាជនកម្ពុជា ជាពិសេសបានចូលរួមចែករំលែកបទពិសោធពីកីឡាបាល់ទាត់ដល់យុវជនកម្ពុជាផងដែរនោះ ។

គួររំលឹកថា ខ្សែប្រយុទ្ធសញ្ជាតិហូឡង់វ័យ ៤១ឆ្នាំរូបនេះបានជាប់ឈ្មោះជាកីឡាករទី៤ ដែលរកបានគ្រាប់បាល់ច្រើនជាងគេបំផុតនៅក្នុងក្របខណ្ឌ UEFA Champions League ដោយទាត់បញ្ចូលទីបានរហូតដល់ ៥៦គ្រាប់ និងគ្រងតំណែងជាកីឡាករឆ្នើមនៅក្នុងក្របខណ្ឌជាច្រើននៅទ្វីបអឺរុុប ។ បន្ទាប់ពីបានចូលនិវត្តន៍ពីកីឡាករអាជីពហើយនោះ រូបគេកំពុងបំពេញតួនាទីជាគ្រូបង្គោលក្រុមថ្នាលយុវជនរបស់ក្លឹប Philips Sports Vereniging នៅក្នុងប្រទេសហូឡង់ ៕

អត្ថបទ៖ មករា

មតិយោបល់