គូពិសេសៗ នៃពាន Hun Sen Cup សប្ដាហ៍ទី៤ សុទ្ធតែបញ្ចប់ដោយលទ្ធផលស្មើគ្នា

នូ មករា April 5, 2018


ភ្នំពេញ៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឬពាន Hun Sen Cup រដូវកាលទី១២ សម្រាប់ពានរង្វាន់ថ្នាក់ខេត្ត គឺបានបញ្ចប់ការប្រកួតសន្សំពិន្ទុសប្ដាហ៍ទី៤ ហើយ ដោយ ១០ប្រកួតកាលពីម្សិលមិញ បានបញ្ចប់ដោយលទ្ធផលឈ្នះ-ចាញ់ ៦ប្រកួត ខណៈ ៤ប្រកួតទៀត បានបញ្ចប់ដោយលទ្ធផលស្មើគ្នា ដែលសុទ្ធសឹងជាគូពិសេសទៀតផង ។
សម្រាប់ក្រុមយុវជនក្រសួងការពារជាតិ ដូចការស្នើរបស់គ្រូបង្វឹកលោក អៀង រ៉ៃយ៉ារិទ្ធ ដែលចង់បានស្មើក្រុមខេត្តកំពង់ចាម គឺបានស្មើគ្នាពិតមែនក្នុងលទ្ធផល ០-០ ស្របពេលក្នុងពូលជាមួយគ្នា ខេត្តព្រៃវែង បានស្មើខេត្តកណ្ដាល ១-១ ។ ជាមួយការប្រកួតចែកគ្នា ១ពិន្ទុម្នាក់នេះ បានធ្វើឲ្យខេត្តកំពង់ចាម បន្ដឈរកំពូលតារាងពូលB និងមាន ១០ពិន្ទុ ខណៈខេត្តព្រៃវែង និងក្រុមយុវជនក្រសួងការពារជាតិមាន ៧ពិន្ទុស្មើគ្នាឈរលេខ២ និងលេខ៣ ។
 
ដោយឡែកជំនួបរវាងក្រុមជើងខ្លាំងខេត្តប៉ៃលិន និងអតីតក្រុមសមាជិកលីគកំពូលកម្ពុជា គិរីវង់សុខសែនជ័យ បានរក្សាលទ្ធផល ០-០ ដោយគ្មានការស៊ុតបញ្ចូលទីគ្នាឡើយ ។ ការទទួលបាន ១ពិន្ទុបន្ថែមនេះ បានជួយខេត្តប៉ៃលិន បន្ដឈរកំពូលតារាងមាន ៧ពិន្ទុ ។ រីឯការជួបគ្នារវាងក្រុមមិនទាន់ស្គាល់ចាញ់ខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប បានបញ្ចប់ដោយលទ្ធផល ៣-៣ ។ លទ្ធផលនេះដែរ ក្រុមខេត្តសៀមរាប ត្រូវបន្ដឈរលេខ២ ក្នុងពូលE និងមាន ៧ពិន្ទុ ស្មើក្រុមស៊ីម៉ាក់ ដែលយកឈ្នះខេត្តបន្ទាយមានជ័យ ៤-០ ម្សិលមិញ ។ រីឯខេត្តឧត្តរមានជ័យ នៅបន្ដឈរលេខ៤ និងមាន ៦ពិន្ទុ ។ ខាងក្រោម គឺជាលទ្ធផល និងតារាងពិន្ទុបណ្ដោះអាសន្ន នៃពាន Hun Sen Cup សប្ដាហ៍ទី៤៖
អត្ថបទ៖ បុត្រា

មតិយោបល់