អុិន សូដាវីដ ក្លាយជាកីឡាករកម្ពុជាទី២ ដែលទទួលបានការឧបត្ថម្ភពី MIZUNO បន្ទាប់ពី ប្រាក់ ធីវ៉ា

នូ មករា April 5, 2018


ភ្នំពេញ៖ យោងតាមការប្រកាសជាផ្លូវការរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានឱ្យដឹងថា កាលពីថ្ងៃទី៤ ខែមេសា ម្សិលមិញនេះ ក្រុមហ៊ុនផលិតសំភារៈកីឡា MIZUNO ដ៏ល្បីល្បាញរបស់ប្រទេសជប៉ុនទើបតែបានចុះកិច្ចសន្យាជាមួយខ្សែបម្រើប្រយុទ្ធវ័យក្មេង អុិន សូដាវីដ ក្នុងនាមជា Athlete Support ដោយក្រុមហ៊ុននឹងផ្តល់ការឧបត្ថម្ភជាសំភារៈកីឡាមួយចំនួនដល់កីឡាកររូបនេះពេញមួយឆ្នាំ២០១៨នេះតែម្តង ។  
ក្នុងពិធីចុះកិច្ចសន្យាកាលពីថ្ងៃទី៤ ខែមេសាម្សិលមិញនេះ តំណាងក្រុមហ៊ុន MIZUNO បានបញ្ជាក់ថា ការជ្រើសរើសកីឡាកររូបនេះគឺជាការរួមចំណែកក្នុងការលើកទឹកចិត្ត​ក៏ដូចជាជំរុញការកសាងសមត្ថភាពកីឡាករបាល់ទាត់វ័យក្មេងនៅកម្ពុជាដែលកំពុងមានសក្តានុពល និងទទួលបានការវាយតម្លៃខ្ពស់ជាវិជ្ជមានទាំងទៅលើកត្តាបច្ចេកទេស និងសីលធម៌ទាំងក្នុង និងក្រៅទីលាន ពិសេសរូបគេក៏ជាសមាជិកវ័យក្មេងមួយរូបនៃក្រុមជម្រើសជាតិកម្ពុជាផងដែរនោះ ។

អុិន សូដាវីដ បានលើកឡើងថា រូបគេពិតជាមានភាពសប្បាយរីករាយយ៉ាងខ្លាំងបន្ទាប់ពីទទួលបានទំនុកចិត្តពីក្រុមហ៊ុនដ៏ល្បីល្បាញមួយនេះ និងបានប្តេជ្ញាថានឹងខិតខំឱ្យកាន់តែខ្លាំងក្លាថែមទៀតនៅក្នុងវិស័យបាល់ទាត់ទាំងក្នុងក្របខណ្ឌក្លឹប ក៏ដូចជាក្នុងក្រុមជម្រើសជាតិផងដែរ ។

សូមបញ្ជាក់ថា អុិន សូដាវីដ គឺជាកីឡាករបាល់ទាត់ទី២ របស់ក្លឹបភ្នំពេញក្រោន ក៏ដូចជានៅក្នុងប្រទេសកម្ពុជាផងដែរ ដែលទទួលបានការពេញចិត្ត និងផ្តល់តួនាទីដ៏សំខាន់ក្នុងការរួមចំណែកផ្សព្វផ្សាយពីផលិតផល MIZUNO បន្ទាប់ពីកីឡាករ ប្រាក់ ធីវ៉ា ដែលបានចុះកិច្ចសន្យាកាលពីខែមករា ឆ្នាំ២០១៨កន្លងមក ។

អត្ថបទ៖

មតិយោបល់