លីគកំពូលកម្ពុជា៖ វិសាខា ប៉ះអាស៊ីអឺរ៉ុប ត្រូវប្ដូរទីលានប្រកួត

នូ មករា April 5, 2018


ភ្នំពេញ៖ យោងតាមន្ដ្រីគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា(CNCC) បានឲ្យដឹងនាព្រឹកនេះថា ការជួបគ្នារវាងក្រុមខ្លាំងវិសាខា និងក្រុមអាស៊ីអឺរ៉ុប នៅក្នុងជំនួបលីគកំពូលកម្ពុជា ឆ្នាំ២០១៨ សប្ដាហ៍ទី៤ ដែលគ្រោងធ្វើឡើងនៅកីឡដ្ឋានវេស្ទើន នាថ្ងៃទី០៧ ខែមេសាចុងសប្ដាហ៍នេះ ឥលូវត្រូវបានផ្លាស់ប្ដូរមករៀបចំការប្រកួតលើទីលានពហុកីឡដ្ឋានជាតិវិញហើយ ដោយប្ដូរម៉ោងប្រកួតពីម៉ោង ៣រសៀល មកម៉ោង ៦៖៣០នាទីល្ងាចវិញ ។
ប្រភពដដែលបានបន្ដថា ការផ្លាស់ប្ដូរទីលានប្រកួតនេះ បានកើតឡើង ក្រោយមានការស្នើសុំរបស់ថ្នាក់ដឹកនាំក្រុមកំពុងឡើងជើងវិសាខា ក្រោមមូលហេតុសម្រួលដល់អ្នកគាំទ្ររបស់ខ្លួនដែលមានចំនួនច្រើនដើម្បីងាយស្រួលបានទស្សនាការប្រកួតនៅលើទីលានពហុកីឡដ្ឋានជាតិ ។ យ៉ាងណាមិញសំណើរនេះ ក៏ត្រូវបានថ្នាក់ដឹកនាំគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជាឯកភាពហើយដែរ ។
សូមបញ្ជាក់ថា បច្ចុប្បន្នក្រុមចំណូលថ្មីវិសាខា កំពុងកាន់ ៧ពិន្ទុស្មើក្រុមណាហ្គាវើល និងក្រុមភ្នំពេញក្រោន ដែលឈរកៅអី Top-4 ក្រោមក្រុមបឹងកេត ដែលឈរកំពូលតារាងមាន ៩ពិន្ទុ ។ ចំពោះកម្មវិធីប្រកួតនាថ្ងៃសៅរ៍នេះវិញ ក្រៅពីជំនួបខាងលើ នៅមាន ២ប្រកួតទៀត ដែលជាការជួបគ្នារវាងក្រុមសូលទីឡូអង្គរ ប៉ះក្រុមបឹងកេត នៅពហុកីឡដ្ឋានជាតិ និងក្រុមភ្នំពេញក្រោន ប៉ះក្រុមណាហ្គាវើល នៅកីឡដ្ឋាន RSN ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់