ក្រុម U21កម្ពុជា នឹងប៉ះក្រុមខ្លាំងសិង្ហបុរីថ្ងៃបើកឆាកពានស្ដេចព្រុយណេចុងខែនេះ

នូ មករា April 4, 2018


ភ្នំពេញ៖ ក្រោយបង្ហាញលទ្ធផលចាប់ឆ្នោតបែងចែកពូល គណៈកម្មការរៀបចំពានរង្វាន់ព្រះមហាក្សត្ររបស់ប្រទេសព្រុយណេ Hassanal Bolkiah Trophy 2018 បានបង្ហាញកម្មវិធីប្រកួតផ្លូវការហើយ ខណៈក្រុមបាល់ទាត់ជម្រើសជាតិយុវជនក្រោមអាយុ ២១ឆ្នាំកម្ពុជា(U21) ត្រូវជួបក្រុម U21 សិង្ហបុរីមុនគេ ក្នុងជំនួបបើកឆាកពូលB នៃព្រឹត្តិការណ៍ខកខានរៀបចំអស់ ៣ឆ្នាំមួយនេះ ។
សូមបញ្ជាក់ថា ក្រុម U21កម្ពុជា គឺស្ថិតក្នុងពូល B ជាមួយក្រុមសិង្ហបុរី និងក្រុមឡាវ ។ ប៉ុន្ដែមុនជួបក្រុម U21កម្ពុជា ក្រុមសិង្ហបុរី ត្រូវជួបឡាវមុនសិន នៅថ្ងៃទី២៥ ខែមេសា បន្ទាប់មកទើបសិង្ហបុរី ជួបកម្ពុជា នៅថ្ងៃទី២៨ ខែមេសា ។ ឯការប្រកួតបង្ហើយកិច្ចចុងក្រោយ គឺក្រុមគោព្រៃជំទងកម្ពុជា ត្រូវជួបក្រុម U21 ឡាវ នៅថ្ងៃទី៣០ ខែមេសា ដើម្បីកាត់សេចក្ដីរកក្រុមឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។
យ៉ាងណាមិញលោក ប្រាក់ សុវណ្ណារ៉ា នៅមិនទាន់បង្ហាញបញ្ជីឈ្មោះកីឡាករជម្រើសជាតិ U21កម្ពុជានោះទេ តែលោកបានអះអាងថា ការប្រមូលផ្ដុំអាចនឹងចាប់ផ្ដើម ក្រោយបញ្ចប់ការប្រកួតលីគកំពូលកម្ពុជា សប្ដាហ៍ទី៤ ហើយលោកនឹងប្រើប្រាស់ធនធានកីឡាករយុវជនវ័យក្មេងច្រើន ដែលជ្រើសរើសពីបណ្ដាក្លឹបសមាជិកនៃលីគកំពូលកម្ពុជា ដើម្បីទទួលបាននូវលទ្ធផលល្អពីការចូលរួមប្រកួតពានរង្វាន់ Hassanal Bolkiah Trophy 2018 ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់