គ្រូយុវជនទ័ព រំពឹងត្រឹមស្មើខេត្តកំពង់ចាម នាជំនួបពាន Hun Sen Cup ល្ងាចនេះ

នូ មករា April 4, 2018


ភ្នំពេញ៖ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឬពាន Hun Sen Cup លើកទី១២ នឹងបន្ដកការប្រកួតពានរង្វាន់ថ្នាក់ខេត្ត សប្ដាហ៍ទី៤ នៅថ្ងៃទី០៤ ខែមេសានេះ ដោយមាន ១០ប្រកួត តែក្នុងនោះមានគូពិសេស ១ប្រកួតត្រូវជួបគ្នាលើទីលានពហុកីឡដ្ឋានជាតិ រវាងក្រុមខ្លាំងខេត្តកំពង់ចាម និងក្រុមយុវជនក្រសួងការពារជាតិ(ទ័ព) ។ លោក អៀង រ៉ៃយ៉ារិទ្ធ គ្រូបង្វឹកក្រុមយុវជនក្រសួងការពារជាតិ បានចាត់ទុកជំនួបទី៤ ក្នុងពូលB ជាមួយក្រុមខេត្តកំពង់ចាម គឺជាការប្រកួតដ៏សំខាន់បំផុត រហូតធ្វើឲ្យលោកមិនហ៊ានរំពឹងដណ្ដើមយក ៣ពិន្ទុពេញពីក្រុមកំពុងឈរកំពូលតារាងនេះទៀតផង ពោលគឺលោកសុំត្រឹមស្មើប៉ុណ្ណោះ ព្រោះលោកបានមើលឃើញពីចំណុចខ្លាំងមួយចំនួនរបស់ខេត្តកំពង់ចាម ពិសេសគឺពាក់ព័ន្ធនឹងកម្លាំងតែម្ដង ។
 
គ្រូបង្វឹកក្រុមយុវជន នៃក្លឹបសមាជិកលីគកំពូលកម្ពុជានេះ និយាយថា៖ «សម្រាប់ខ្ញុំ ចំពោះបទពិសោធធ្លាប់លេងជាមួយខេត្តកំពង់ចាម គឺកំពង់ចាម ជាក្រុមមួយដ៏ល្អ និងខ្លាំង សូម្បីឆ្នាំមុន ក៏ក្រុមខ្ញុំពិបាកនឹងលេងជាមួយគាត់ដែរ ។ ចឹងឆ្នាំនេះ មិនប្រាកដទាមទារត្រូវការឈ្នះគាត់ទេ សូមត្រឹមតែស្មើបានហើយ…។ រីឯចំណុចខ្លាំងរបស់ខេត្តកំពង់ចាម គឺកម្លាំង ព្រោះកីឡាករគាត់ភាគច្រើនជាខ្មែរឥស្លាម ចឹងកម្លាំងគាត់ យើងពិបាកទប់ទល់ណាស់ ហេតុនេះយើងត្រូវប្រើកល្បិចច្រើនវិញ» ។
សូមបញ្ជាក់ថា ជាបណ្ដោះអាសន្នពេលនេះ ខេត្តកំពង់ចាម កំពុងឈរកំពូលតារាងពូលB មាន ៩ពិន្ទុ តាមពីក្រោយដោយខេត្តព្រៃវែង និងយុវជនក្រសួងការពារជាតិ ដែលទើបរកបាន ៦ពិន្ទុស្មើគ្នា ។ រីឯការប្រកួត ៩គូផ្សេងទៀត ក៏សុទ្ធសឹងជាការប្រកួតសំខាន់ៗផងដែរ ដូចជាក្រុមកំពូលតារាងពូលA ខេត្តប៉ៃលិន ប៉ះអតីតក្រុមសមាជិកលីគកំពូលកម្ពុជា គិរីវង់សុខសែនជ័យ និងក្រុមខ្លាំងខេត្តសៀមរាប ជួបក្រុមមិនទាន់ស្គាល់ចាញ់ខេត្តឧត្តរមានជ័យជាដើម ដែលនឹងត្រូវប្រជែងគ្នាស្វែងរកពិន្ទុបន្ថែមរៀងៗខ្លួន ។ ខាងក្រោមនេះ គឺជាកម្មវិធីប្រកួត និងតារាងពិន្ទុបណ្ដោះអាសន្ន នៃពាន Hun Sen Cup រដូវកាលថ្មី៖
អត្ថបទ៖ បុត្រា

មតិយោបល់