ឃួន ឡាបូរ៉ាវី ចេញទៅធ្វើតេស្ដជាមួយក្លឹបលីគកំពូលថៃព្រឹកនេះ!

នូ មករា April 2, 2018


ភ្នំពេញ៖ កីឡាករដែលអ្នកគាំទ្រមួយចំនួន តែងរិះគន់ពីទម្រង់លេងពេលជួយក្រុមជម្រើសជាតិម្ដងៗ គឺកីឡាករ ឃួន ឡាបូរ៉ាវី នៅព្រឹកថ្ងៃទី០២ ខែមេសានេះ បានធ្វើដំណើរទៅប្រទេសថៃហើយ ដើម្បីចូលរួមធ្វើតេស្ដសមត្ថភាពជាមួយក្លឹបមួយ ដែលគេល្បីថាជាសមាជិកលីគកំពូលរបស់ថៃទៀតផង ។ បើតាមការឲ្យដឹងពីកីឡាករ ឃួន ឡាបូរ៉ាវី បានបញ្ជាក់ថា ព្រឹកនេះខ្លួនត្រូវចេញទៅធ្វើតេស្ដសមត្ថភាពជាមួយក្លឹបមួយនៅថៃពិតមែន ប៉ុន្ដែមិនបានបង្ហើបពីឈ្មោះក្លឹប និងកម្រិតលីគដែលក្លឹបនោះកំពុងលេងនោះទេ ។
តែក្រោយធ្វើតេស្ដរួច ខ្លួននឹងត្រឡប់មកកម្ពុជាវិញ នាថ្ងៃស្អែក ទោះបីជាប់ ឬមិនជាប់ក៏ដោយ ព្រោះការដោះដូរកីឡាករ ឬចូលរួមជាមួយក្លឹបថៃនោះ លុះត្រាបញ្ចប់ការប្រកួតជើងទី១ សិន ។ សមាជិកក្រុមបឹងកេតអែហ្វស៊ីរូបនេះ បន្ដថា ទោះបីជាយ៉ាងណានេះគឺជាឱកាសមាសឱកាសប្រាក់របស់ខ្លួនដែលបានប៉ងក្នុងអាជីពបាល់ទាត់ជាយូមកហើយ ។ ហេតុនេះខ្លួននឹងព្យាយាមបង្ហាញសមត្ថភាពឲ្យបានល្អដើម្បីក្រសោបឱកាសមាសរបស់ខ្លួនក្នុងការឈានជើងឆ្ពោះទៅប្រកបអាជីពក្រៅស្រុកលើកដំបូងក៏ដូចជាការផ្លាស់ប្ដូរបទពិសោធសម្រាប់យកមកជួយដល់ក្រុមបាល់ទាត់កម្ពុជាវិញ ។
សូមបញ្ជាក់ថា ប្រសិនបើ ឃួន ឡាបូរ៉ាវី ធ្វើតេស្ដជាប់ជាមួយក្លឹបថៃ កីឡាករមានដើមកំណើតមកពីខេត្តកំពង់ចាមរូបនេះ គឺជាកីឡាករកម្ពុជាទី៥ ហើយ ដែលបានទៅលេងឲ្យក្លឹបប្រទេសក្នុងតំបន់អាស៊ានឆ្នាំនេះ បន្ទាប់ពីកីឡាករ ៤នាក់ទៀត ដូចជា ចាន់ វឌ្ឍនាកា, កែវ សុខផេង, ប្រាក់ មុន្នីឧត្តម និង ធារី ចន្ថាប៊ីន ដែលកំពុងប្រកបអាជីពជាមួយក្លឹប នៃលីគកំពូលម៉ាឡេស៊ីបច្ចុប្បន្ន ៕
អត្ថបទ៖ បុត្រា

មតិយោបល់