ទ័ព និង ក្រោន ណាត់គ្នាប្រកួតមិត្តភាពនៅថ្ងៃសុក្រសប្តាហ៍នេះ

នូ មករា March 28, 2018


ភ្នំពេញ៖ ក្រុមបាល់ទាត់ភ្នំពេញក្រោន នៅល្ងាចថ្ងៃទី៣០ ខែមីនានេះ នឹងបើកទ្វារកីឡដ្ឋាន RSN របស់ខ្លួន ទទួលក្រុមក្រសួងការពារជាតិ នៅក្នុងជំនួបមិត្តភាពលក្ខណៈកម្ដៅសាច់ដុំ ខណៈអ្នកគាំទ្រត្រូវបានក្រុមម្ចាស់ផ្ទះប្រកាសអនុញ្ញាតឲ្យចូលរួមទស្សនាបានដោយសេរី ។ ជំនួបមិត្តភាពដ៏គួរឲ្យចាប់អារម្មណ៍នេះ កើតឡើងដោយសារលីគកំពូលកម្ពុជា បន្ដសម្រាកមួយសប្ដាហ៍ទៀត មុនចាប់ផ្ដើមការប្រកួតជាថ្មី នាចុងសប្ដាហ៍ក្រោយ ។
យ៉ាងណាមិញ ការប្រកួតនេះដែរ ក៏ជាជំនួបសងសឹកផងដែរ ព្រោះក្រុមភ្នំពេញក្រោន ទើបតែបានលត់ក្រសួងការពារជាតិ ២-០ ក្នុងជំនួបជើងទី១ នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៨ កាលពីថ្ងៃទី១០ ខែមីនាកន្លងទៅ ។
សូមបញ្ជាក់ថា ចំពោះលទ្ធផលបណ្ដោះអាសន្នបច្ចុប្បន្នក្រុមភ្នំពេញក្រោន កំពុងឈរលេខ៤ នៃលីគកំពូលកម្ពុជា ដោយមាន ៧ពិន្ទុស្មើក្រុមណាហ្គាវើល និងក្រុមចំណូលថ្មី វិសាខា ដែលឈរលេខ២ និងលេខ៣ ដែរ ក្រោយឆ្លងកាត់ ៣ប្រកួតឈ្នះ២ និងស្មើ ១ ។ រីឯក្រុមក្រសួងការពារជាតិ កំពុងឈរលេខរៀងទី៥ និងមាន ៦ពិន្ទុ ជាមួយលទ្ធផល ៣ប្រកួតឈ្នះ២ និងចាញ់ ១ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់