កម្ពុជា និងអាហ្វហ្គានីស្ថាន ស្គាល់ឈ្នះម្ដងគត់ ក្នុងវគ្គជម្រុះពាន AFC Asian Cup 2019

នូ មករា March 28, 2018


ភ្នំពេញ៖ យុទ្ធនាកាចូលរួមប្រកួតជម្រុះពានរង្វាន់ជើងឯកអាស៊ី AFC Asian Cup 2019 ប្រចាំពូលC របស់ក្រុមជម្រើសជាតិកម្ពុជា បានបញ្ចប់ហើយ ខណៈប្រកួតចុងក្រោយក្រុមដឹកនាំដោយ លោក ប្រាក់ សុវណ្ណារ៉ា នេះបានរងបរាជ័យក្រោមថ្វីជើងក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន លើទឹកដីប្រទេសតាជីគីស្ថានក្នុងលទ្ធផល ២-១ កាលពីយប់មិញ ។
សម្រាប់លទ្ធផលឈ្នះ-ចាញ់ក្នុងជំនួបបង្គ្រប់កិច្ចនេះដែរ បានធ្វើឲ្យក្រុមរហស្សនាមគោព្រៃកម្ពុជា និងក្រុមអាហ្វហ្គានីស្ថាន បញ្ចប់បេសកកម្មរបស់ខ្លួន ដោយស្គាល់ជ័យជម្នះម្ដងគត់រៀងៗខ្លួន ពោលគឺឈ្នះគ្នាទៅវិញទៅមក ។ ប៉ុន្ដែលទ្ធផលជារួម អាហ្វហ្គានីស្ថាន ទទួលបានល្អប្រសើរជាងកម្ពុជា ព្រោះជួបក្រុមខ្លាំងហ្សកដានី និងវៀតណាមចំនួន ៤ប្រកួតស្មើ ៣ និងចាញ់ ១ សរុបពួកគេមាន ៦ពិន្ទុលើកម្ពុជា ៣ពិន្ទុ ព្រោះកម្ពុជា ជួបហ្សកដានី និងវៀតណាម មិនស្គាល់ឈ្នះ ឬស្មើឡើយ ។
ក្រោយបញ្ចប់ការប្រកួតខាងលើ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រឡប់មកមាតុភូមិវិញ នៅថ្ងៃទី២៨ ខែមីនានេះ ។ ប៉ុន្ដែចំពោះកីឡាករក្រោមអាយុ ២១ឆ្នាំ ពួកគេអាចនឹងត្រៀមខ្លួនបន្ដចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្ដរជាតិមួយទៀត គឺពានរង្វាន់ព្រះមហាក្សត្ររបស់ប្រទេសព្រុយណេ នាចុងខែមេសាខាងមុខ ដែលដឹកនាំដដែលដោយ លោក ប្រាក់ សុវណ្ណារ៉ា ៕
អត្ថបទ៖ បុត្រា

មតិយោបល់