ឃួន ឡាបូរ៉ាវី ដាក់ចិត្តតស៊ូលើទីលាន ដោយមិនខ្វល់មតិរិះគន់របស់អ្នកគាំទ្រ

នូ មករា March 27, 2018


ភ្នំពេញ៖ កីឡាករជម្រើសជាតិកម្ពុជា ឃួន ឡាបូរ៉ាវី នៅតែប្រកាន់ជំហរតស៊ូ និងជម្នះឧបសគ្គគ្រប់បែបយ៉ាង ដើម្បីបន្ដអាជីពរបស់ខ្លួន ពិសេសគឺការពេញភារកិច្ចជួយដល់ក្រុមជម្រើសជាតិរបស់ខ្លួន បើទោះបីមានអ្នកគាំទ្រមួយចំនួន តែងតែធ្វើការរិះគន់ជារឿងយៗ ចំពោះទម្រង់លេងរបស់សមាជិកក្រុមបឹងកេតអែហ្វស៊ីនេះក៏ដោយ ។

ឃួន ឡាបូរ៉ាវី បានលើកឡើងកាលពីថ្មីៗនេះថា ខ្លួនមិនអាចហាមឃាត់ការរិះគន់របស់អ្នកគាំទ្រមួយចំនួនបាន ហើយក៏មិនប្រតិកម្មចំពោះមតិរិះគន់ទាំងនោះដែរ ។ ផ្ទុយទៅវិញ គេបានរើសយកការរិះគន់ទាំងនោះ មកពិចារណា ហើយប្រឹងប្រែងហ្វឹកហាត់ ដើម្បីស្ដែងឲ្យអ្នកគាំទ្រមើលឃើញពីសមត្ថភាព និងការខិតខំប្រឹងប្រែងរបស់ខ្លួន ។

អតីតកីឡាករព្រះខ័នរាជស្វាយរៀងរូបនេះ និយាយថា ៖«ពេលមានការរិះគន់ ខ្ញុំដែលមិនប្រតិកម្មនោះទេ ព្រោះខ្ញុំមានគ្រូបង្វឹក មានមិត្តរួមក្រុម ដែលដឹងពីខ្ញុំ ។ ចំណែកអ្នកគាំទ្រខ្ញុំ ខ្ញុំក៏តែងខំប្រឹង ដើម្បីតបស្នងចំពោះការលើកទឹកចិត្តខ្ញុំដែរ ។ ឯអ្នករិះគន់ខ្ញុំ ត្រូវយកមតិទាំងនោះ មកស្ថាបនាខ្លួនឯង ដើម្បីតម្រូវចិត្តរបស់ពួកគេផងដែរ»  ។សូមបញ្ជាក់ថា ការអះអាងបែបនេះ គឺក្រោយពេលរកបាន ១គ្រាប់ជួយក្រុមគោព្រៃកម្ពុជា យកឈ្នះក្រុមម្ចាស់ផ្ទះឡាវ ១-០ ក្នុងជំនួបមិត្តភាពកាលពីពេលថ្មីៗ ហើយល្ងាចនេះ ឃួន ឡាបូរ៉ាវី រួមទាំងមិត្តរួមក្រុម ក្រោមការដឹកនាំរបស់លោក ប្រាក់ សុវណ្ណារ៉ា ក៏នឹងត្រូវរួមគ្នា ដើម្បីប្រកួតបង្គ្រប់កិច្ចវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 ជាមួយក្រុមជម្រើសជាតិអាហ្វហ្គានីស្ថានផងដែរ ៕

អត្ថបទ៖ បុត្រា

មតិយោបល់