AFC Asian Cup៖បញ្ហា ២ គឺជាកង្វល់របស់គ្រូកម្ពុជា ប៉ះអាហ្វហ្គានីស្ថានល្ងាចនេះ

នូ មករា March 27, 2018


ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតបង្គ្រប់កិច្ចវគ្គជម្រុះពូលC នៃពានរង្វាន់ជើងឯកអាស៊ី AFC Asian Cup 2019 ជាមួយក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន នាវេលាម៉ោង ៦ល្ងាចនេះ(ម៉ោងនៅកម្ពុជា) នៅកីឡដ្ឋាន Pamir Stadium នៃប្រទេសតាជីគីស្ថាន ។ ប៉ុន្ដែការប្រកួតនេះមានបញ្ហា ២ ដែលជាក្ដីកង្វល់របស់គ្រូបង្វឹកក្រុមគោព្រៃកម្ពុជា លោក ប្រាក់ សុវណ្ណារ៉ា គឺបញ្ហាអាកាសធាតុ និងពេលវេលា ។

លោក ប្រាក់ សុវណ្ណារ៉ា ធ្លាប់បានលើកឡើងក្រោយក្រុមគោព្រៃកម្ពុជា យកឈ្នះក្រុមម្ចាស់ផ្ទះឡាវ ក្នុងជំនួបមិត្តភាពកាលពីថ្មីៗថា លោកអាចរក្សាទម្រង់លេងជាមួយឡាវ ដើម្បីតទល់ជាមួយអាហ្វហ្គានីស្ថាននេះ ដោយគ្រាន់តែលោកត្រូវពង្រឹងបន្ថែមលើតំបន់ការពារប៉ុណ្ណោះ ព្រោះលោកគ្មានពេលគ្រប់គ្រាន់ ដើម្បីកែប្រែចំណុចខ្វះខាត ។ ហេតុនេះកម្ពុជា ត្រូវប្រយ័ត្នក្នុងតំបន់ការពារ ពិសេសបាល់ទី២ ពេលបាល់ក្រឡកពីដៃអ្នកចាំទី ។

លោកបានបន្ដថា ការរក្សាទម្រង់លេងដូច្នេះ អាចនឹងបង្កផលលំបាកខ្លះ តែមិនលំបាកដូចបញ្ហាពេលវេលា និងអាកាសធាតុនោះទេ ។ លោកនិយាយថា៖ «វាមានការលំបាកខ្លះដែរ ដោយសារបញ្ហាអាកាសធាតុ(ត្រជាក់) និងពេលវេលា(ដើរយឺតជាងកម្ពុជា ២ម៉ោង) ដែលជាផលលំបាក ។ ប៉ុន្ដែយើងដឹងហើយ កាលប្រកួតក្នុងស្រុក យើងបានយកឈ្នះអាហ្វហ្គានីស្ថាន ១-០ ។ ចឹងក្ដីរំពឹងរបស់យើង យើងនៅតែសង្ឃឹមថា អាចនឹងមានឱកាសស្មើ ឬឱកាសឈ្នះក្នុងការប្រកួតនេះ» ។

សូមបញ្ជាក់ថា មុនឈានដល់ការប្រកួតបង្គ្រប់កិច្ចដូចគ្នា ក្រុមទាំងពីរ កំពុងកាន់ ៣ពិន្ទុឈរលេខ៣ និងលេខ៤ ក្នុងពូលC ប៉ុន្ដែប្រសិនបើល្ងាចនេះ ក្រុមណាឈ្នះ ក្រុមនោះនឹងទទួលបានកៅអីលេខ៣ ប្រចាំពូល ស្របពេលក្រុមជម្រើសជាតិហ្សកដានី ត្រូវបើកទ្វារផ្ទះទទួលក្រុមជម្រើសជាតិវៀតណាម ដើម្បីដណ្ដើមកៅអីកំពូលតារាង មុនដឹកដៃគ្នាឡើងទៅវគ្គបន្ដ ។ បច្ចុប្បន្នហ្សកដានី កំពុងឈរកំពូលតារាងបណ្ដោះអាសន្នមាន ១១ពិន្ទុ ខណៈវៀតណាមឈរលេខ២ មាន ៩ពិន្ទុ ៕

អត្ថបទ៖ បុត្រា

មតិយោបល់