ស៊ិន កក្កដា និយាយអ្វីខ្លះក្រោយបង្ហាញខ្លួនឲ្យជម្រើសជាតិលើកដំបូង មុនប៉ះអាហ្វាហ្គានីស្ថានសប្ដាហ៍ក្រោយ

នូ មករា March 24, 2018


ភ្នំពេញ៖ យុវជនដ៏លេចធ្លោរម្នាក់របស់ក្លឹបភ្នំពេញក្រោន កីឡាករ ស៊ិន កក្កដា បានទទួលការកោតសរសើរពីសំណាក់គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាលោក ប្រាក់ សុវណ្ណារ៉ា ដូចកីឡាករវ័យក្មេងមួយចំនួនផងដែរ ក្រោយបង្ហាញវត្តមានលើកដំបូងឲ្យក្រុមគោព្រៃកម្ពុជា ពេលយកឈ្នះក្រុមម្ចាស់ផ្ទះឡាវ ១-០ ក្នុងជំនួបមិត្ដភាពកាលពីពេលថ្មីៗ ។ តើយុវជនឆ្នើមរូបនេះ បាននិយាយអ្វីខ្លួន អំពីការបង្ហាញខ្លួនលើកដំបូង មុនប៉ះក្រុមអាហ្វហ្គានីស្ថាន នាសប្ដាហ៍ក្រោយ ។
ក្រោយយកឈ្នះឡាវខាងលើ ស៊ិន កក្កដា បានលើកឡើងថា៖ «ការប្រកួតដំបូងរបស់ខ្ញុំ ទទួលបានបទពិសោធច្រើន ព្រោះខ្ញុំជាកីឡាករវ័យក្មេង ខ្ញុំបានជាប់ជម្រើស ១១នាក់ដំបូង ។ ប៉ុន្ដែសម្រាប់ការប្រកួតបន្ទាប់ ខ្ញុំរំពឹងថា ក្រុមជម្រើសជាតិកម្ពុជា នឹងអាចយកឈ្នះលើក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន ទោះបីខ្ញុំអត់បានលេង ក៏ខ្ញុំជឿជាក់ និងសង្ឃឹមលើកីឡាករបងៗដែរ» ។
កក្កដា បានបន្ដថា ទោះបីមានចំណុចខ្វះមួយចំនួន តែយ៉ាងណាគេ នឹងព្យាយាមស្វែងយល់ពីទម្រង់លេង និងការយល់ចិត្តក្រុមជាមួយសិស្សច្បង ដើម្បីត្រៀមការប្រកួតបន្ទាប់ ពោលគឺក្រុមគោព្រៃកម្ពុជា ត្រូវជួបក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន ក្នុងជំនួបបង្គ្រប់កិច្ចពូល C នៃវគ្គជម្រុះពានរង្វាន់ AFC ASIAN CUP 2019 នៅលើទឹកដីប្រទេសតាជីគីស្ថាន នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ខាងមុខ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់