ចាន់ វឌ្ឍនាកា៖ បើលេងតំណែងចាស់ ខ្ញុំអាចរកគ្រាប់បាល់បានច្រើនឲ្យ Pahang!

នូ មករា March 21, 2018


ភ្នំពេញ៖ បន្ទាប់ពីផុតកុងត្រាជាមួយក្លឹបជប៉ុន Fujieda MYFC មករួមរស់ជាមួយសមាជិកលីគកំពូលម៉ាឡេស៊ី ក្លឹប Pahang FA គេសង្កេតឃើញកីឡាករឆ្នើមកម្ពុជា ចាន់ វឌ្ឍនាកា មានឱកាសលេងជម្រើស ១១នាក់ច្រើន ប៉ុន្ដែចំពោះឱកាសស្វែងរកគ្រាប់របស់អតីតម្ចាស់ស្បែកជើងមាស ២ជំនាន់នេះវិញ ហាក់មិនសូវមានច្រើនដូចកាលលេងនៅលីគកំពូលកម្ពុជានោះទេ ។ ប៉ុន្ដែសាមីខ្លួនផ្ទាល់ បានអះអាងថា ប្រសិនបើខ្លួនលេងក្នុងតំណែងចាស់ ខ្លួនអាចរកគ្រាប់បាល់បានច្រើនឲ្យក្រុមថ្មី Pahang ។

សម្រាប់រដូវកាលឆ្នាំ២០១៨ នេះ លោក Dollah Salleh គ្រូបង្វឹកក្រុម Pahang សម្រេចដាក់ ចាន់ វឌ្ឍនាកា ឲ្យលេងក្នុងតំណែងខ្សែបម្រើ-ប្រយុទ្ធស្លាបឆ្វេង ដោយខុសពីតំណែងចាស់ ដែល វឌ្ឍនាកា ធ្លាប់លេងជាខ្សែប្រយុទ្ធ ។ ប៉ុន្ដែកីឡាករវ័យ ២៤ឆ្នាំរូបនេះ ហាក់មិនខ្វល់ចំពោះការផ្លាស់ប្ដូរតួនាទីលេងនេះឡើយ ។ វឌ្ឍនាកា និយាយថា៖ «ខ្ញុំគោរពតាមគ្រូ ដាក់លេងកន្លែងណា ក៏អត់សំខាន់ដែរ សំខាន់យើងចង់ជួយក្លឹបឈ្នះទាំងអស់គ្នា យើងអត់គិតថា លេងខុសកន្លែងយើងលេងអត់បានទេ គឺវាសំខាន់លើគ្រូ ដែលមើលឃើញការលេងរបស់យើងប៉ុណ្ណោះ» ។

យ៉ាងណាមិញ កីឡាករធ្លាប់រកបាន ១១៦គ្រាប់កាលលេងឲ្យក្លឹបបឹងកេត កាលពីរដូវកាលឆ្នាំ២០១២-២០១៦ រូបនេះ នៅតែរំពឹងថា ខ្លួនអាចរកគ្រាប់បាល់ឲ្យក្រុម Pahang បានច្រើន ប្រសិនបើគេបន្ដលេងជាខ្សែប្រយុទ្ធដដែល ។ ខ្សែប្រយុទ្ធជំនាញជើងឆ្វេងរូបនេះ បញ្ជាក់ថា៖«បើសិនជាលេងក្នុងតំណែងចាស់ គឺភាគច្រើន យើងជាខ្សែប្រយុទ្ធ យើងត្រូវតែរកគ្រាប់បាល់ឲ្យបាន ទើបយើងលេងតំណែងនេះបាន ។ ចឹងខ្ញុំគិតថា បើសិនមានឱកាសលេងនៅតំណែងខ្សែប្រយុទ្ធ គឺឱកាសយើងអាចនឹងរកគ្រាប់បាល់បានច្រើន» ។ សូមបញ្ជាក់ថា នៅក្នុងការប្រកួតលីគកំពូលម៉ាឡេស៊ី ក្រុម Pahang FA របស់ ចាន់ វឌ្ឍនាកា បានឆ្លងកាត់ ៥ប្រកួតមកហើយ ដោយបញ្ចប់ក្នុងលទ្ធផលឈ្នះ៣ ស្មើ១ និងចាញ់ ១ មាន ១០ពិន្ទុឈរលេខរៀងទី២ បណ្ដោះអាសន្ន ។ ប៉ុន្ដែក្នុងការប្រកួតផ្លូវការកន្លងមក កូនប្រុសលោក ចាន់ ចេស្ដា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរូបនេះ នៅមិនទាន់រកបានគ្រាប់បាល់ស៊ុតបញ្ចូលទីនោះទេ បានត្រឹមបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីប៉ុណ្ណោះ ៕

អត្ថបទ៖ បុត្រា

មតិយោបល់