មិត្តភាពអន្ដរជាតិ៖ ប៉ះឡាវល្ងាចនេះ គ្រូកម្ពុជាផ្ដោតគោលដៅសំខាន់ ២ចំនុច

នូ មករា March 21, 2018


ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវជួបប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិឡាវ នៅកីឡដ្ឋាន KM16 ក្នុងទីក្រុងវៀងច័ន្ទន៍ នាវេលាម៉ោង ៦ល្ងាចនេះ ដើម្បីត្រៀមការប្រកួតចុងក្រោយ ក្នុងវគ្គជម្រុះពានរង្វាន់ជើងឯកអាស៊ី AFC Asian Cup 2019 ជាមួយក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ ។
ជាមួយនឹងការប្រកួតមិត្តភាពនេះដែរ គ្រូបង្វឹកក្រុមរហស្សនាមគោព្រៃកម្ពុជាលោក ប្រាក់ សុវណ្ណារ៉ា បានដាក់គោលដៅសំខាន់ ២ចំណុច ដែលលោកត្រូវផ្ដោត និងយកចិត្តទុកដាក់ ទី១ គឺការកំណត់កីឡាករជម្រើស ១១នាក់ដំបូងត្រៀមជួបអាហ្វហ្គានីស្ថាន និងទី២ លោកចង់ផ្ដល់ឱកាសឲ្យកីឡាករវ័យក្មេងបង្ហាញសមត្ថភាព ដើម្បីរៀបចំក្រុមមួយឲ្យបានល្អបំផុត សម្រាប់ត្រៀមចូលរួមប្រកួតពានរង្វាន់ស្ដេច នៃប្រទេសព្រុយណេ នាខែមេសាខាងមុខ ។
 
គ្រូបង្វឹកកម្រិត Pro-License រូបនេះ បន្ដថា ត្បិតក្រុមលោកមិនបានប្រមូលផ្ដុំហ្វឹកហាត់គ្រប់គ្រាន់ត្រៀមការប្រកួតមិត្តភាពជាមួយឡាវក្ដី ប៉ុន្ដែលោកជឿជាក់លើកូនក្រុម ដែលបានខិតខំប្រឹងប្រែងជាមួយក្លឹបរៀងៗខ្លួន ។ យ៉ាងណាមិញកីឡាករជម្រើស ១១នាក់ ដែលលោកត្រៀមជួបអាហ្វហ្គានីស្ថាន លោកនឹងផ្តោតលើកីឡាករសិស្សច្បងមួយចំនួន ពិសេសគឺកីឡាករកម្ពុជា ៤រូប ដែលលេងនៅលីគកំពូលម៉ាឡេស៊ី បន្ទាប់មកទើបលោកសម្លឹងកីឡាករយុវជន ដែលមានសក្ដានុពលតាមក្រោយ ។
ប៉ុន្ដែយ៉ាងណាលោកនឹងផ្ដល់ឱកាសឲ្យកីឡាករវ័យក្មេងគ្រប់រូប ដែលលោកបានជ្រើសរើសបានបង្ហាញនូវសមត្ថភាពក្នុងការប្រកួតមិត្តភាពជាមួយឡាវ ដើម្បីតាមដានសមត្ថភាពរបស់ពួកគេបន្ថែម មុនរៀបចំក្រុមថ្មី គឺក្រុមជម្រើសជាតិយុវជនអាយុក្រោម ២១ឆ្នាំ ត្រៀមចូលរួមប្រកួតពានរង្វាន់ស្ដេច នៃប្រទេសព្រុយណេ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់