FFC ប្រកាសបង្កើតលីគ U18 នាឆ្នាំក្រោយ ដើម្បីធានាយុវជនអាយុលើស ១៦ឆ្នាំបាននលេងបន្ដ

នូ មករា March 18, 2018


ភ្នំពេញ៖ ក្រោយបញ្ចប់លីគបាល់ទាត់យុវជនអាយុក្រោម ១៤ឆ្នាំ(U-14) និងអាយុក្រោម ១៦ឆ្នាំ(U16) ឆ្នាំ២០១៧-២០១៨ រួចម​ក​​ លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានប្រកាសថា នារដូវកាលក្រោយ សហព័ន្ធនឹងបន្ថែមលីគយុវជនមួយកម្រិតទៀត គឺលីគយុវជនអាយុក្រោម ១៨ឆ្នាំ(U18) ដើម្បីឆ្លើយតបនឹងកំណើនអាយុ និងភាពរីកចម្រើននៃវិស័យកីឡាបាល់ទាត់កម្ពុជាបច្ចុប្បន្ន ពិសេសគឺដើម្បីធានាឲ្យយុវជនមានអាយុលើស ១៦ឆ្នាំ មានឱកាសលេងបន្ដរហូតកសាងក្រុមជម្រើសជាតិខ្លាំងមួយសម្រាប់ត្រៀមស៊ីហ្គេមឆ្នាំ២០២៣ ។
 
ថ្លែងក្រោយបិទលីគ U14, U16 និងលីគបាល់ទាត់នារី នៅលើទីលានវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន មេមត់ កាលពីល្ងាចមិញ លោក សៅ សុខា មានប្រសាសន៍ថា៖ “ការអភិវឌ្ឍន៍បាល់ទាត់របស់យើង ហេតុអ្វីបានយើងជ្រើសរើសយកវិទ្យាល័យដើម្បីអភិវឌ្ឍន៍? ក្នុងស្មារតីនៃការកំណត់អាយុនេះ ព្រោះថាជាធម្មតាការរៀនសូត្ររបស់យុវជន គឺក្រោយអាយុ ១៨ឆ្នាំ គាត់ប្រឡងទុតិយភូមិ គាត់មិនអាចរៀនវិទ្យាល័យទៀតទេ គឺគាត់រៀននៅមហាវិទ្យាល័យ បានន័យថា ការចាប់ផ្ដើមរបស់យើងឆ្នាំនេះ យើងលេង U14 និង U16 ប៉ុន្ដែឆ្នាំក្រោយ យើងនឹងរៀបចំមួយកម្រិតទៀត គឺអាយុក្រោម ១៨ឆ្នាំ គឺធានាឲ្យប្អូនៗ ដែលលើសអាយុ ១៦ឆ្នាំ គាត់មានឱកាសលេងបាល់ទៀត» ។
 
លោកបន្ថែមថា ដើម្បីឈានទៅសម្រេចគោលដៅឆ្នាំ២០២៣ សហព័ន្ធមិនត្រឹមតែបង្កើនលីគយុវជនត្រឹមអាយុក្រោម ១៨ឆ្នាំនោះទេ គឺសហព័ន្ធនឹងបង្កើនរហូតដល់អាយុក្រោម ២២ឆ្នាំឯណោះ ។ លោកបានបន្តថា៖«នៅឆ្នាំក្រោយៗបន្ដបន្ទាប់ទៀត តាមគម្រោងយុទ្ធសាស្ដ្របាល់ទាត់ ដើម្បីឆ្ពោះទៅកសាងក្រុមជម្រើសជាតិមួយខ្លាំង ត្រៀមធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣ យើងនឹងរៀបចំការប្រកួតបាល់ទាត់ក្រោមអាយុ ២០ឆ្នាំ និង ២២ឆ្នាំ ដែលកីឡាករនាពេលនោះ នឹងមានប្រភពចេញពីមហាវិទ្យាល័យ ដែលយើងកំពុងអភិវឌ្ឍន៍ចាប់ពីពេលបច្ចុប្បន្ន» ៕
អត្ថបទ៖ បុត្រា

មតិយោបល់