AFC Cup៖ បឹងកេតជិតអស់ឱកាស ក្រោយចាញ់ Home United ៦-០ យប់មិញ

នូ មករា March 15, 2018


ភ្នំពេញ៖ ក្រុមបាល់ទាត់បឹងកេតអែហ្វស៊ីរបស់កម្ពុជា កាន់តែខើចឱកាសស្វែងរកកៅអីវគ្គបន្ដ នៃពានរង្វាន់ AFC Cup 2018 មែនទែនហើយ បន្ទាប់ពីត្រូវក្រុមម្ចាស់ផ្ទះ Home United របស់សិង្ហបុរី បំបាក់ក្នុងលទ្ធផល ៦-០ កាលពីយប់មិញ នៅកីឡដ្ឋាន Jalan Besar ។ កាលពីជើងទី១ បឹងកេត បានយកឈ្នះក្រុម Home United លើទឹកដីខ្លួន ៣-២ ប៉ុន្ដែសម្រាប់ជើងទី២ យប់មិញ សូម្បីឱកាសបំបែកពងមាន់ក្រុមជើងខ្លាំងសិង្ហបុរីនេះ ក៏ពួកគេធ្វើមិនបានដែរ ។
ផ្ទុយទៅវិញ បែរជាត្រូវក្រុម Home United សងសឹកបានសម្រេចយ៉ាងចាស់ដៃ ដោយលត់ក្រុមបឹងកេតដល់ទៅ ៦គ្រាប់ឯណោះ ។ ការបរាជ័យនេះ បានធ្វើឲ្យក្រុមបឹងកេតរក្សាកៅអីបាត់តារាងក្នុងពូល F នឹងមាន ៣ពិន្ទុស្មើក្រុម Shan United របស់មីយ៉ាន់ម៉ាដដែល ។ រីឯក្រុមបានកក់កៅអីវគ្គបន្ដដោយស្វ័យប្រវត្តិ គឺក្រុម Ceres-Negros របស់ហ្វីលីពីន ដែលកំពុងកាន់ ១០ពិន្ទុក្នុងដៃ ក្រោយបន្ដយកឈ្នះក្រុម Shan United ១-០ កាលពីម្សិលមិញ គ្រាដែលក្រុម Home United កាន់តែមានឱកាសក្រោយរកបាន ៧ពិន្ទុ ខណៈសល់ ២ប្រកួតក្នុងដៃរៀងៗខ្លួន ៕
 


អត្ថបទ៖ បុត្រា

 

មតិយោបល់