គ្រូការពារជាតិ ចង់ឲ្យគ្រូបង្វឹកដឹកនាំក្រុម នៃលីគកំពូលម្ពុជាមានសញ្ញាបត្រកម្រិត A

នូ មករា March 13, 2018


 ភ្នំពេញ៖ ដើម្បីអភិវឌ្ឍន៍វិស័យបាល់ទាត់កម្ពុជា ឲ្យដើរទាន់តាមភាពរីកចម្រើននៃវិស័យបាល់ទាត់លើពិភពលោកនាពេលបច្ចុប្បន្ន លោក ភា សុភ័ក្រ្ដា គ្រូបង្វឹកក្រុមក្រសួងការពារជាតិ បានបង្ហើបពីក្ដីស្រមៃមួយ ដោយលោកចង់ឲ្យសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) ធ្វើការកែប្រែនូវលក្ខខណ្ឌ សម្រាប់គ្រូបង្វឹកដឹកនាំក្រុមសមាជិកនៃលីគកំពូលកម្ពុជា ត្រូវមានសញ្ញាបត្រយ៉ាងហោចកម្រិត A ខណៈបច្ចុប្បន្ន FFC កំពុងអនុវត្តត្រឹមសញ្ញាបត្រកម្រិត B ប៉ុណ្ណោះ ។
លោក ភា សុភ័ក្រ្ដា បានលើកឡើងថា៖ «ច្បាប់ថ្មី នៃបាល់ទាត់ ភាគច្រើន AFC ឬក៏ FIFA គេតែងតែផ្ដោតទៅលើគ្រូមានសញ្ញាបត្រ ។ បើយើងប្រៀបធៀបទៅនឹងប៉ុន្មានឆ្នាំមុន សូម្បីតែគ្រូខ្លះ គាត់អត់បានឆ្លងកាត់វគ្គសិក្សា ក៏គាត់អាចក្លាយជាគ្រូធំបានដែរ ។ អញ្ចឹងរដូវកាលនេះ FFC បានកំណត់ត្រឹមលក្ខខណ្ឌសញ្ញាបត្រកម្រិត B ទើបអាចដឹកនាំក្រុមនៃលីគកំពូលកម្ពុជា ប៉ុន្ដែលក្ខខណ្ឌ B ក៏មានកម្រិតតិចតួចស្ដួចស្ដើងដែរ ។ និយាយទៅ ដូចបឹងកេត គាត់មានពិសោធន៍ស្រាប់ គ្រូមានត្រឹម B ដល់ចឹង ពេលក្លឹបបានពានគាត់ត្រូវស្វែងរកគ្រូកម្រិត A» ។
«យ៉ាងណាសហព័ន្ធយើង គួរតែកែប្រែ បើសិនទៅកម្រិត A គឺទៅកម្រិត A តែម្ដងទៅ ព្រោះចំនួនគ្រូបង្វឹកបច្ចុប្បន្ន មានគ្រប់គ្រាន់ហើយ មានន័យថា ពួកគាត់ជាអ្នកចែកចាយទៅដល់គ្រូបង្វឹក បើមិនយកគ្រូបង្វឹកមានចំណេះជំនាញមកធ្វើការ ប្រៀបដូចបណ្ដុះបណ្ដាធនធានចោលអុីចឹង ។ ខ្ញុំជឿជាក់ថា គ្រូបង្វឹក ដែលបានឆ្លងកាត់វគ្គសិក្សាកម្រិត A រួមការសិក្សាវគ្គផ្សេងៗ ពួកគាត់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំ ព្រោះពួកគាត់មានបទពិសោធច្រើនណាស់ក្នុងការដឹកនាំនាពេលបច្ចុប្បន្ន» ។ លោក ភា សុភ័ក្ដ្រា បន្ថែម ។
សូមបញ្ជាក់ថា បើការអះអាងរបស់គ្រូបង្វឹកកម្រិត Pro-License លោក ប្រាក់ សុវណ្ណារ៉ា កាលពីពេលកន្លងមកថា បច្ចុប្បន្ននៅកម្ពុជា គ្រូបង្វឹកសញ្ជាតិខ្មែរ ដែលមានសញ្ញាបត្រកម្រិត A គឺមានចំនួន ១២នាក់ប៉ុណ្ណោះ ក្នុងនោះក៏មានរូបលោកម្នាក់ដែរ ប៉ុន្ដែក្នុងចំណោមគ្រូបង្វឹកទាំងនេះ មានអ្នកកំពុងដឹកនាំក្រុម នៃលីគកំពូលកម្ពុជា មិនដល់ពាក់កណ្ដាលនោះទេ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់