AFC Cup៖ តើបឹងកេត អាចយក ៣ពិន្ទុពី Home United បានទៀតទេស្អែកនេះ?

នូ មករា March 13, 2018


ភ្នំពេញ៖ ក្រុមបាល់ទាត់បឹងកេតអែហ្វស៊ីរបស់កម្ពុជា បានធ្វើដំណើរទៅប្រទេសសិង្ហបុរីហើយ ដើម្បីត្រៀមប្រកួតជើងទី២ ជាមួយក្រុមម្ចាស់ផ្ទះ Home United នាយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ នៅក្នុងវគ្គជម្រុះពានរង្វាន់ក្លឹបបាល់ទាត់ជើងឯកអាស៊ី AFC Cup 2018 ពូលF ។ ចាំមើលតើបឹងកេត មានលទ្ធភាពយក ៣ពិន្ទុពីការប្រកួតក្រៅដីនេះបានទេ ក្រោយយកឈ្នះក្រុម Home United ក្នុងដីដោយលទ្ធផល ៣-២ កាលពីសប្ដាហ៍មុន?
 
លោក កែវ កុសល គ្រូបង្វឹកក្រុមបឹងកេត ធ្លាប់បាននិយាយថា ត្បិតជើងទី១ ក្រុមខ្លួនរកបាន ៣ពិន្ទុក្នុងដីក៏ពិតមែន ប៉ុន្ដែការប្រកួតក្រៅដីអាចនឹងជួបការលំបាកច្រើនជាងការប្រកួតក្នុងដី ។ ដូច្នេះលោកនឹងពង្រឹងបន្ថែមលើតំបន់ការពារ ដូចការប្រកួតមុនដែរ ព្រោះក្រោយមានការជំរុញឲ្យកែតម្រូវ កូនក្រុមខ្លួននៅធ្វើមិនទាន់បានល្អ ១០០% នៅឡើយ ។ បន្ថែមលើនេះ លោកបានប្ដេជ្ញាចិត្តនឹងជំរុញកូនក្រុមធ្វើឲ្យបានកាន់តែល្អដើម្បីស្វែងរក ៣ពិន្ទុបន្ថែម និងរក្សាឱកាសប្រជែងកៅអីវគ្គបន្ដ ។
 
ដោយឡែកលោក Aidil Sharin គ្រូបង្វឹកក្រុម Home United បានអះអាងថា សម្រាប់ការប្រកួតជើងទី២ ជាមួយបឹងកេត លើទឹកដីរបស់ខ្លួន លោកនឹងមិនធ្វេសប្រហែសនាំឲ្យទទួលបានលទ្ធផលមិនល្អដូចជើងទី១ ឡើយ ។ ប៉ុន្ដែយ៉ាងណាលោកក៏មិនបានមើលងាយសមត្ថភាពក្រុមបឹងកេតដែរ ព្រោះលោកយល់ឃើញថា ក្រុមក្នុងពូល F បច្ចុប្បន្ន កំពុងត្រូវការពិន្ទុចាំបាច់រៀងៗខ្លួនដើម្បីដណ្ដើមកៅអីជុំបន្ដព្រោះបច្ចុប្បន្នក្រុមនីមួយៗកំពុងមានពិន្ទុប្រកៀកប្រកិតគ្នានៅឡើយ ។
 
សូមបញ្ជាក់ថា ជាបណ្ដោះអាសន្នបច្ចុប្បន្នក្នុងពូលF នៃពាន AFC Cup 2018 គឺក្រុម Ceres-Negros របស់ហ្វីលីពីនកំពុងឈរកំពូលតារាងមាន ៧ពិន្ទុ ខណៈក្រុម Home United មាន ៤ពិន្ទុឈរលេខរៀងទី២ ។ រីឯក្រុមបឹងកេត និងក្រុម Shan United របស់មីយ៉ាន់ម៉ា គឺកាន់ ៣ពិន្ទុក្នុងដៃស្មើគ្នា ក្រោយឆ្លងកាត់ការប្រកួតជើងទី១ ចំនួន ៣ប្រកួតកន្លងមក ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់