កែវ សុខផេង ត្រៀមខ្លួនចូលរួមជាមួយក្រុមជម្រើសជាតិក្រោយមកដល់មាតុភូមិព្រឹកមិញ

នូ មករា March 12, 2018


ភ្នំពេញ៖ ខ្សែប្រយុទ្ធ កែវ សុខផេង បានថ្លែងថា រូបគេបានត្រៀមខ្លួនរួចជាស្រេចហើយដើម្បីចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុមដទៃទៀតក្នុងក្រុមគោព្រៃកម្ពុជា សម្រាប់ការប្រកួតមិត្តភាពកម្តៅសាច់ដុំជាមួយក្រុមជម្រើសជាតិឡាវនាថ្ងៃទី២១ ខែមីនា ខាងមុខនេះនៅរដ្ឋធានីវៀងចន្ទន៍​ នៃសាធារណរដ្ឋប្រជាមានិតឡាវ ព្រមទាំងការប្រកួតបង្គ្រប់កិច្ចពូល C វគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 ជាមួយក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាននាថ្ងៃទី២៧ ខែមីនាផងដែរនោះ ។

កីឡាករកម្ពុជាដែលបានរកគ្រាប់បាល់មុនគេនៅលីគកំពូលម៉ាឡេសុីរូបនេះបានបញ្ជាក់ថា៖ «ការប្រកួតទាំងពីរនេះគឺមានសារៈសំខាន់សម្រាប់ក្រុមទាំងមូល ដូច្នេះខ្ញុំបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយមិត្តរួមក្រុមដទៃទៀត ទាំងក្នុងការហ្វឹកហាត់ និងទាំងការប្រកួតនៅក្រៅស្រុក ហើយសង្ឃឹមថាពួកយើងនឹងធ្វើបានល្អ ។»

សូមបញ្ជាក់ថា បើតាមការអះអាងរបស់ លោក ប្រាក់ សុវណ្ណារ៉ា ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកមួយថា យោងតាមគម្រោងបើមិនមានការប្រែប្រួលកីឡាករឆ្នើម ចាន់ វឌ្ឍនាកា និងធារី ចន្ថាប៊ីន នឹងមកដល់កម្ពុជា នាថ្ងៃទី១៧ ខែមីនា ខាងមុខនេះ ខណៈដែលកីឡាករ កែវ សុខផេង និង ប្រាក់ មុន្នីឧត្តម បានមកដល់ព្រឹកថ្ងៃទី១២ នេះដើម្បីចូលរួមប្រមូលផ្តុំជាមួយក្រុមជម្រើសជាតិ ៕

អត្ថបទ៖ មករា

 

មតិយោបល់