គ្រូវិសាខាថា កង្វះខាត Doctor ចំណីហារ គឺជាបញ្ហារបស់កីឡាករកម្ពុជាបច្ចុប្បន្ន

នូ មករា March 12, 2018


ភ្នំពេញ៖ លោក ហុក សុជីវ័ន្ដ គ្រូបង្វឹកក្រុមបាល់ទាត់វិសាខា បានលើកឡើងថា ក្រុមបាល់ទាត់សមាជិកលីគកំពូលកម្ពុជាបច្ចុប្បន្ន សុទ្ធតែមានបញ្ហាដូចៗគ្នា ជុំវិញការផ្គត់ផ្គង់របបអាហារត្រឹមត្រូវតាមបច្ចេកវិទ្យាដល់កីឡាករ ដែលធ្វើឲ្យការបង្ហាញសមត្ថភាពលើទីលានមិនបានល្អ ពិសេសគឺពាក់ព័ន្ធនឹងកម្លាំង ។ ការលើកឡើងបែបនេះ ស្របពេលលោកសង្កេតឃើញការប្រកួតកន្លងមក ក្រុមនីមួយៗច្រើនមានការថមថយកម្លាំងខ្លាំង នៅតង់ទី២ ។
«មិនថាតែក្រុមខ្ញុំទេ គឺក្រុមនៅស្រុកខ្មែរទាំងអស់ នៅខ្វះខាតបច្ចេកវិទ្យាក្នុងការថែរក្សាកម្លាំងជំនួយរបស់ពួកគាត់ ពិសេសពាក់ព័ន្ធនឹងចំណីអាហារ ការហូបចុក និងការស្នាក់នៅ គឺមិនទាន់ធ្វើបានល្អដូចស្រុកគេទេ ព្រោះស្រុកគេ គេមានវេជ្ជបណ្ឌិតចំណីអាហារត្រឹមត្រូវ ។ សម្រាប់យើង យើងមានត្រឹមចុងភៅធម្មតា ធ្វើឲ្យពួកគាត់ហូប ចឹងវាពិបាកសម្រាប់ស្រុកខ្មែរយើងសូម្បីតែក្រុមជម្រើសជាតិ ។ និយាយរួមយើងនៅខ្វះ Doctor ចំណីអាហារ ដែលជាជំនួយមួយដ៏សំខាន់ដល់ក្រុមបាល់ទាត់» ។
លោក ហុក សុជីវ័ន្ដ បញ្ជាក់ ។ ការលើកឡើងរបស់គ្រូបង្វឹកក្រុមកំពុងឈរកំពូលតារាងពិន្ទុ នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៨នេះ គឺក្រោយពេលក្រុមវិសាខា បានយកឈ្នះក្រុមចាស់វស្សា អង្គរថាយហ្គឺរ ២-០ កាលពីចុងសប្ដាហ៍កន្លងទៅ ។ លោកថា ការប្រកួតនេះ ក្រុមខ្លួនធ្វើបានយ៉ាងល្អនៅតង់ទី១ ដែលអាចទាត់បំប៉ោងសំណាញ់ទីក្រុមអង្គរថាយហ្គឺរ ២គ្រាប់មុន តែចូលតង់ទី២ ដោយសារកម្លាំងមិនគ្រប់គ្រាន់ ទើបពួកគេមិនអាចឱកាសស្វែងរកគ្រាប់បាល់បន្ថែម ។ យ៉ាងណាមិញលោករំពឹងថា ការប្រកួតបន្ទាប់កូនក្រុមរបស់លោកនឹងធ្វើបានកាន់តែល្អ ដើម្បីស្វែងរកពិន្ទុបន្ថែម ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់