ដំណឹងល្អ! អ្នកគាំទ្រអាចទស្សនាលីគកំពូលកម្ពុជា តាមរយៈការ Live គ្រប់ប្រកួតទាំងអស់

នូ មករា March 12, 2018


ភ្នំពេញ៖ ដើម្បីសម្រួលឲ្យអ្នកគាំទ្រដែលមិនបានចូលរួមទស្សនាផ្ទាល់ការប្រកួតក្របខណ្ឌលីគកំពូលម្ពុជាឆ្នាំ២០១៨ ឱ្យបានទស្សនាតាមរយៈការផ្សាយផ្ទាល់(Live) គ្រប់ការប្រកួតទាំងអស់នោះ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ហៅកាត់ថា CNCC និងស្ថានីយទូរទស្សន៍ BTV-News ដែលជាទូរទស្សន៍ទទួលបានសិទ្ធិផ្ដាច់មុខក្នុងការផ្សាយផ្ទាល់ព្រឹត្តិការណ៍នេះបានឯកភាពគ្នាឲ្យគ្រប់ក្លឹបមានសិទ្ធិធ្វើការផ្សាយផ្ទាល់ដូចគ្នារាល់ប្រកួតណាដែលមិនមានការផ្សាយផ្ទាល់លើ Page របស់ CNCC និងទូរទស្សន៍ BTV-News ។
យោងតាមការឲ្យដឹងពីមន្ដ្រី CNCC បានបង្ហើបថា ការសម្រេចបែបនេះ ក៏ដោយសារមានការសំណូមពរបងប្អូនអ្នកគាំទ្រវិស័យកីឡាបាល់ទាត់កម្ពុជា ហេតុនេះហើយទើប CNCC និងតំណាងទូរទស្សន៍ BTV សម្រេចចិត្តផ្ដល់សិទ្ធិឲ្យក្លឹបនីមួយៗមានសិទ្ធិផ្សាយផ្ទាល់ នៅពេលការប្រកួតរបស់ខ្លួនមិនមានការផ្សាយផ្ទាល់លើ Page របស់ CNCC និងទូរទស្សន៍ BTV-News ។
យ៉ាងណាក៏ដោយ ការអនុញ្ញាតនេះ គឺផ្ដល់សិទ្ធិត្រឹមការផ្សាយផ្ទាល់លើ Page ផ្លូវការរបស់ក្លឹបនីមួយៗតែប៉ុណ្ណោះ ប៉ុន្តែព័ត៌មាននេះ នៅមិនទាន់ច្បាស់ការណ៍ ១០០% នោះទេ ដោយសារ CNCC រង់ចាំការឆ្លើយតបពីតំណាងក្លឹបនីមួយៗជាមុនសិន ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់