គម្រោងប្រមូលផ្ដុំរបស់ក្រុមជម្រើសជាតិកម្ពុជាត្រូវលើកពេកវិញហើយ!

នូ មករា March 12, 2018


ភ្នំពេញ៖ គម្រោងប្រមូលផ្ដុំហ្វឹកហាត់របស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នៅថ្ងៃទី១២ ខែមីនានេះ ត្រូវបានលើកពេលហើយ ដោយគ្រោងជួបជុំគ្នានៅចុងសប្ដាហ៍នេះវិញ ។ នេះបើតាមការបញ្ជាក់របស់លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹកក្រុមរហស្សនាមគោព្រៃកម្ពុជា ។ លោក ប្រាក់ សុវណ្ណារ៉ា បានឲ្យដឹងថា ដំបូងឡើយ លោកគ្រោងធ្វើការប្រមូលផ្ដុំហ្វឹកហាត់ក្រុមជម្រើសជាតិនៅព្រឹកនេះ ប៉ុន្ដែដោយមើលឃើញពីស្ថានភាពជាក់ស្ដែង នៃការប្រកួតលីគកំពូលកម្ពុជា ដែលកំពុងមានការប្រកួតប្រជែងខ្លាំង ទើបលោកសម្រេចចិត្តលើកពេលហ្វឹកហាត់ ព្រោះមិនចង់រំខានដល់ក្លឹបនីមួយៗ ។
គ្រូបង្វឹកកម្រិត Pro-License រូបនេះបន្ដថា ចំពោះកាលបរិច្ឆេទថ្មី នៃការជួបជុំគ្នារបស់សមាជិកក្រុមជម្រើសជាតិកម្ពុជា អាចនឹងធ្វើឡើងនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនេះ បន្ទាប់មកនៅថ្ងៃច័ន្ទ ត្រូវថ្ងៃទី១៩ ខែមីនាខាងមុខ ក្រុមជម្រើសជាតិ នឹងធ្វើដំណើរទៅប្រទេសឡាវ ដើម្បីហ្វឹកហាត់ត្រៀមប្រកួតមិត្តភាពជាមួយក្រុមម្ចាស់ផ្ទះឡាវ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨តែម្ដង ។ តែយ៉ាងណាគម្រោងនេះ មិនទាន់ច្បាស់ ១០០% នោះទេ គឺលោកត្រូវការពេលវេលាជជែកជាមួយតំណាងក្លឹបនីមួយៗជាមុនសិន ។
សូមបញ្ជាក់ថា ក្រោយការប្រមូលផ្ដុំហ្វឹកហាត់ និងប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមជម្រើសជាតិឡាវ ក្រុមជម្រើសជាតិកម្ពុជា មានភារកិច្ចត្រូវបន្ដហ្វឹកហាត់ត្រៀមប្រកួតបង្គ្រប់កិច្ចពូលC នៃវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 ជាមួយក្រុមម្ចាស់ផ្ទះអាហ្វហ្គានីស្ថាន នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ខាងមុខ ។ តាមគម្រោងបេសកកម្មនេះ ក៏នឹងមានវត្តមានកីឡាករសំខាន់ៗរូប ដែលកំពុងប្រកបអាជីពនៅលីគកំពូលម៉ាឡេស៊ីចូលរួមផងដែរ រួមមាន ចាន់ វឌ្ឍនាកា, កែវ សុខផេង, ប្រាក់ មុន្នីឧត្តម និង ធារី ចន្ថាប៊ីន ជាដើម ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់