ក្រុមគោព្រៃកម្ពុជា នឹងប្រមូលផ្ដុំហ្វឹកហាត់ស្អែកនេះ ដើម្បីត្រៀមជួបឡាវ និងអាហ្វហ្គានីស្ថាន

នូ មករា March 11, 2018


ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ឬក្រុមគោព្រៃកម្ពុជា នឹងបើកយុទ្ធនាការប្រមូលផ្ដុំហ្វឹកហាត់ នៅព្រឹកថ្ងៃទី១២ ខែមីនាស្អែកនេះ ដើម្បីត្រៀមប្រកួតមិត្តភាពជាមួយក្រុមម្ចាស់ផ្ទះជម្រើសជាតិឡាវ នៅថ្ងៃទី២១ ខែមីនា និងការប្រកួតបង្គ្រប់កិច្ចពូលC នៃវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 ជាមួយក្រុមម្ចាស់ផ្ទះអាហ្វហ្គានីស្ថាន នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ខាងមុខ ។   

គួរបញ្ជាក់ថា បេសកកម្មមួយនេះ គឺដឹកនាំដោយលោក ប្រាក់ សុវណ្ណារ៉ា ដែលត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រកាសតែងតាំងកាលពីពេលថ្មីៗ ។ យ៉ាងណាមិញមកទល់ពេលនេះ លោកមិនទាន់បង្ហាញបញ្ជីឈ្មោះកីឡាករត្រូវប្រមូលផ្ដុំនោះទេ គ្រាន់តែលោកធ្លាប់បានអះអាងថា លោកបានជ្រើសរើសកីឡាកររួចហើយ ក្នុងនោះក៏មានវត្តមានកីឡាករសំខាន់ៗរូប ដែលកំពុងប្រកបអាជីពនៅលីគកំពូលម៉ាឡេស៊ីផងដែរ រួមមាន ចាន់ វឌ្ឍនាកា, កែវ សុខផេង, ប្រាក់ មុន្នីឧត្តម និង ធារី ចន្ថាប៊ីន ជាដើម ៕

អត្ថបទ៖ បុត្រា

មតិយោបល់