ឈិន ឆៃនុត សម្រេចដើរចូលភ្នំពេញក្រោន ដើម្បីសម្រេចក្ដីស្រមៃរបស់ខ្លួន

នូ មករា March 9, 2018


ភ្នំពេញ៖ ទីបំផុតអ្នកចាំទីដៃទី៣ របស់ក្រុមព្រះខ័នរាជស្វាយរៀងកីឡាករ ឈិន ឆៃនុត បានដើរចេញមករកទ្រនំថ្មីហើយ ដោយបានចុះកិច្ចសន្យារយៈពេល ១ឆ្នាំជាមួយក្រុមភ្នំពេញក្រោនកាលពីពេលថ្មីៗនេះ ។ តាមការអះអាងរបស់សាមីខ្លួន បានបញ្ជាក់ថា ការសម្រេចចិត្តដើរពីក្លឹបកំណើតនេះ ដោយសារខ្លួនចង់សម្រេចក្ដីស្រមៃរបស់ខ្លួន មិនចង់ធ្វើកីឡាករបម្រុងទៀតឡើយ ។
  
យោងតាមការជូនដំណឹងរបស់ក្លឹបភ្នំពេញក្រោន បានឲ្យដឹងថា ឆៃនុត គឺជាសមាជិកថ្មីម្នាក់ទៀត សម្រាប់ក្រុមធំ នារដូវកាលឆ្នាំ២០១៨ ដោយត្រូវពាក់អាវលេខ ៤៣ ។ ប៉ុន្ដែក្លឹបមិនបានបញ្ជាក់អំពីឋានៈអតីតសមាជិកក្រុមគូប្រជែងព្រះខ័នរាជស្វាយរៀងនេះ ជាអ្នកចាំទីដៃទីប៉ុន្មាននោះទេ ។ យ៉ាងណាមិញ ឆៃនុត ធ្លាប់បង្ហើបថា ការរួមរស់ជាមួយក្លឹបថ្មីនេះ ខ្លួនមានឱកាសច្រើនក្នុងការបង្ហាញសមត្ថភាពលើទីលាន បើទោះបីបច្ចុប្បន្នភ្នំពេញក្រោនមានកីឡាករ Alexandre You ទើបផ្លាស់មកពីបារាំងក៏ដោយ ។ អ្នកចាំទីវ័យ ២០ឆ្នាំរូបនេះ បានឲ្យដឹងថា ប្រសិនបើខ្លួនបន្ដរួមរស់ជាមួយក្រុមព្រះខ័នរាជស្វាយរៀង ខ្លួនអាចនឹងមានឱកាសតិចតួចបំផុត ដើម្បីបង្ហាញខ្លួន ។ ដូច្នេះហើយទើបខ្លួនសម្រេចចិត្ដចែកផ្លូវជាមួយស្វាយរៀង តែមុនការចាកចេញ ក៏មានការអនុញ្ញាតត្រឹមត្រូវពីថ្នាក់ដឹកនាំ និងគ្រូធំរបស់ក្លឹបដែរ ។
 
ឆៃនុត រំពឹងថា ការចូលរួមជាមួយភ្នំពេញក្រោន នឹងធ្វើឲ្យក្ដីស្រមៃក្នុងអាជីពក្លាយជាការពិត ពោលគឺការក្លាយជាកីឡាករជម្រើសដំបូង ឬការបានបង្ហាញសមត្ថភាពញឹកញាប់ ទៅតាមការខិតខំប្រឹងប្រែងរបស់ខ្លួន ។ ឈិន ឆៃនុត បាននិយថា៖ «ការមកលេងឲ្យក្លឹបថ្មី ខ្ញុំមិនទាន់ច្បាស់នឹងបានជាប់ជម្រើសដំបូង ឬយ៉ាងណាទេ តែខ្ញុំជឿជាក់ថា នឹងមានឱកាសបង្ហាញសមត្ថភាពបានច្រើន ព្រោះវាជាការចង់បានរបស់ខ្ញុំ…។ ចំពោះការបានបង្ហាញខ្លួន វាអាស្រ័យលើខ្លួនខ្ញុំទេ បើខ្ញុំទៅដល់ហ្នឹង ខ្ញុំអត់ខំប្រឹង ខ្ញុំក៏មិនអាចដណ្ដើមតំណែងដៃទី១ បានដែរ ។ ប៉ុន្ដែខ្ញុំបានប្ដេជ្ញាចិត្តនឹងខំប្រឹង ដើម្បីសម្រេចគោលដៅរបស់ខ្ញុំ ព្រោះខ្ញុំចេញ ដើម្បីបានលេង ចឹងខ្ញុំត្រូវតែខំប្រឹង» ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់