គ្រូទ័ពប្រាប់ ច្រឹង ពលរដ្ឋ ឲ្យមានទំនួលខុសត្រូវលើខ្លួនឯង បើចង់វិលចូលទីលានបានឆាប់!

នូ មករា March 7, 2018


ភ្នំពេញ៖ រយៈពល ១ខែមកហើយ ដែលខ្សែបម្រើដ៏លេចធ្លោក្នុងក្រុមក្រសួងការពារជាតិកីឡាករ ច្រឹង ពលរដ្ឋ បានធ្វើការវះកាត់ជង្គង់ ដើម្បីព្យាបាលរបួសរបស់ខ្លួន ប៉ុន្ដែក្រោយការវះកាត់គេមិនឃើញសមាជិកក្រុមជម្រើសជាតិកម្ពុជារូបនេះ ចូលរួមសកម្មភាពជាមួយក្លឹបក្រៅពីការហ្វឹកហាត់ និងប្រកួតនោះទេ ។ ទន្ទឹមជាមួយគ្នា លោក ភា សុភ័ក្រ្ដា គ្រូបង្វឹកថ្មីរបស់ក្រុមជើងឯករង ២ជំនាន់នេះ បានក្រើនរំលឹកដល់ ពលរដ្ឋ ឲ្យមានទំនួលខុសត្រូវលើខ្លួនឯង ដើម្បីបានត្រឡប់ទៅកាន់ទីលានវិញ តាមការកំណត់ ឬមុនការកំណត់របស់វេជ្ជបណ្ឌិត ។

លោក ភា សុភ័ក្រ្ដា បានបញ្ជាក់ឲ្យដឹងកាលពីពេលថ្មីៗថា ឥលូវចូលខែទី២ ហើយ ដែល ច្រឹង ពលរដ្ឋ បានសម្រេចក្រោយការវះកាត់ជង្គង់ ។ ដូច្នេះសល់រយៈពេលប្រហែល ២ខែ ទៅ ៣ខែទៀត ពលរដ្ឋ អាចនឹងវិលចូលទីលានបានវិញហើយ ។ ប៉ុន្ដែយ៉ាងណាការវិលចូលទីលានបានឆាប់ ឬយូរ គឺអាស្រ័យលើកីឡាករខ្លួនឯង ព្រោះក្លឹបបានយកចិត្តទុកដាក់ជាមួយនឹងការព្យាបាល ច្រឹង ពលរដ្ឋ ហើយ ។ លោកថា ក្លឹបក្នុងស្រុក មិនទាន់មានក្លឹបណាមានអ្នកជំនាញព្យាបាលនោះទេ ហេតុនេះដើម្បីបានចូលលេងតាមកំណត់ ឬមុនការកំណត់របស់ពេទ្យ ដែលកំណត់រយៈពេល ៦ខែនោះ គាត់ត្រូវមើលការខុសត្រូវលើខ្លួនឯង ដូចជាការហ្វឹកហាត់តាមរបៀបវិទ្យាសាស្ដ្រផ្សេងៗជាដើម ។

លោកបានបន្ដថា៖ «បច្ចុប្បន្នគាត់មានរបួស តែគាត់មិនបានមកចូលរួមជាមួយក្រុមទេ វាហាក់ដាច់ដោយឡែកពីគ្នាណាស់ ទោះបីយើងព្យាយាមឲ្យគាត់មកចូលរួម តែប្រហែលដោយសារភារកិច្ចរបស់គាត់ ចឹងយើងអត់អាចបង្ខំគាត់បាទេ ។ តែយើងសង្ឃឹមថា គាត់នឹងទទួលខុសត្រូវខ្លួនឯង អំឡុងពេលនៃការព្យាបាលរបួស ព្រោះបើប្រៀបធៀបកីឡាករបរទេស គេរបួសដែរ តែក្រោយរបួសគេអាចលេងបាន ប៉ុន្ដែបើយើងអាចនឹងយឺត ឧទាហរណ៍ពេទ្យថាក្រោយ ៦ខែអាចលេងបាន ប៉ុន្ដែបើយើងអត់ចេះថែរក្សាសុខភាព បង្កើនកម្រិតកាយសម្បទាខ្លួនឯងទេ វាអាចកើនដល់ ១ឆ្នាំក៏បានដែរ ។ ចឹងខ្ញុំនឹងនិយាយជាមួយគាត់ម្ដងទៀត ជុំវិញបញ្ហានេះ» ។

សូមបញ្ជាក់ថា ដោយសារបញ្ហារបួសជង្គង់នេះហើយ ទើបបណ្ដាឲ្យការចរចាដោះដូរកីឡាករ ច្រឹង ពលរដ្ឋ ពីក្រុមក្រសួងការពារជាតិ ទៅក្លឹបចំណូលថ្មី វិសាខា ត្រូវបរាជ័យកាលពីដើមរដូវកាលកន្លងទៅ ។ ក្រោយមក ពលរដ្ឋ បានសម្រេចចិត្តបន្ដរួមរស់ជាមួយក្រុមក្រសួងការពារជាតិ ប៉ុន្ដែរដូវកាលថ្មីនេះ គេទំនងមិនអាចជួយក្រុមបានច្រើននោះទេ ដោយសារការវះកាត់ជង្គង់របស់គេ ត្រូវបានគ្រូពេទ្យបរទេសនៃប្រទេសជិតខាង បានកំណត់ឲ្យសម្រាកពីទីលានបណ្ដោះអាសន្នរយៈពេល ៦ខែឯណោះ ៕

អត្ថបទ៖ បុត្រា

មតិយោបល់