ក្រុមយុវជនខេត្តកណ្ដាល ត្រៀមជួបយុវជនវៀតណាម អបអរសាទរបុណ្យទន្លេលើកទី៤

នូ មករា March 7, 2018


ភ្នំពេញ៖ ក្រុមបាល់ទាត់យុវជនសហភាពសហព័ន្ធយុវជនខេត្តកណ្ដាល នឹងធ្វើការប្រកួតមិត្តភាពជាមួយក្រុមយុវជនមកពីខេត្តគៀងយ៉ាង ប្រទេសវៀតណាម នៅថ្ងៃទី០៩-១០ ខែមីនានេះ ដើម្បីអបអរសាទរពិធីបុណ្យទន្លេ លើកទី៤ ដែលរៀបចំដោយក្រសួងទេសចរណ៍ សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងអាជ្ញាធរខេត្តកណ្ដាល នៅក្រុងតាខ្មៅ រយៈពេល ៣ថ្ងៃនាចុងសប្ដាហ៍នេះ ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានបញ្ជាក់ថា បុណ្យទន្លេឆ្នាំនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានសម្រេចដាក់កីឡា ៩ប្រភេទ សម្រាប់ប្រកួត និងសម្ដែងជូនភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិទស្សនាកម្សាន្ដ ក្នុងនោះក៏មានប្រភេទកីឡាបាល់ទាត់យុវជនផងដែរ ។ ប្រភេទកីឡាបាល់ទាត់នេះ គឺមានការចូលរួមពីក្រុមបាល់ទាត់យុវជនវៀតណាម ១ក្រុម និងក្រុមម្ចាស់ទឹកដីខេត្តកណ្ដាល ១ក្រុម ដើម្បីធ្វើការប្រកួតមិត្តភាពរយៈពេល ២ថ្ងៃ នៅថ្ងៃទី០៩-១០ ខែមីនា ពោលគឺត្រូវនឹងថ្ងៃទី០១ និងថ្ងៃទី០២ នៃបុណ្យទន្លេ ។ ប៉ុន្ដែក្រៅពីប្រភេទកីឡាបាល់ទាត់ ក្រុមយុវជនវៀតណាម ១ក្រុមទៀត ក៏នឹងចូលរួមប្រកួតមិត្តភាពជាមួយក្រុមម្ចាស់ស្រុក លើប្រភេទកីឡាបាល់ទះផងដែរ ដែលក្រុមម្ចាស់ស្រុក តំណាងដោយក្រុមយុវជនសហភាពសហព័ន្ធយុវជនខេត្តកណ្ដាលដូចគ្នា ។
មួយវិញទៀត ការប្រកួតប្រដាល់គុនខ្មែរ ក៏មានជំនួបមិត្តភាពរវាងកីឡាករកម្ពុជា និងកីឡាករថៃផងដែរ ។ រីឯកីឡា ៦ប្រភេទទៀត ដែលត្រូវចូលរួមប្រកួតអបអរសាទរបុណ្យទន្លេ ចាប់ពីថ្ងៃទី០៩-១១ ខែមីនានេះ គឺមានកីឡារត់កម្សាន្ដ ប្រណាំងកង់កម្សាន្ដ ហែលទឹកឆ្លងទន្លេ ប្រណាំងទូកប្រពៃណី ចំបាប់បុរាណ និងកីឡារអុកចត្រង្គជាដើម ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់