ពាន Hun Sen Cup ចាប់ផ្ដើមប្រកួតរដូវកាលថ្មីថ្ងៃនេះ

នូ មករា March 7, 2018


ភ្នំពេញ៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup 2018 លើកទី១២ នឹងចាប់ផ្ដើមការប្រកួតពានរង្វាន់ថ្នាក់ខេត្ត នាល្ងាចថ្ងៃទី០៧ ខែមីនានេះហើយ ដោយមាន ៩ប្រកួតលើទីលានចំនួន ៩ផ្សេងគ្នា ក្នុងនោះមានការប្រកួត ១គូ ត្រូវផ្សាយផ្ទាល់លើកញ្ចប់ទូរទស្សន៍ BTV-News គឺជំនួបរវាងក្រុមយុវជនក្រសួងការពារជាតិ និងក្រុមជម្រើសខេត្តត្បូងឃ្មុំ ។
 
គួរបញ្ជាក់ថា ពាន Hun Sen Cup ឆ្នាំនេះ គឺមានពាន ២ រួមមានពានថ្នាក់ខេត្ត និងពានថ្នាក់ជាតិ ។ ចំពោះពានថ្នាក់ខេត្ត គឺភាគច្រើនជាក្រុមតំណាងខេត្តចូលរួម ។ ចំណែកពានថ្នាក់ជាតិ បេក្ខភាពក្រុមចូលរួម គឺមានក្រុមសមាជិកលីគកំពូលកម្ពុជា ១២ក្រុម និងក្រុមឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានថ្នាក់ខេត្ត ៤ក្រុមទៀត ខណៈការប្រកួតគ្រោងនឹងចាប់ផ្ដើមនៅពាក់កណ្ដាលខែកក្កដាខាងមុខ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់