AFC Cup៖ បឹងកេត យកឈ្នះ Home United ៣-២ ដើម្បីបាន ៣ពិន្ទុដំបូង

នូ មករា March 6, 2018


ភ្នំពេញ៖ ក្រុមបឹងកេតអែហ្វស៊ីរបស់កម្ពុជា បានទទួល ៣ពិន្ទុដំបូង នៅក្នុងការប្រកួតជម្រុះពានរង្វាន់ក្លឹបបាល់ទាត់ជើងឯកអាស៊ី AFC Cup 2018 ប្រចាំពូលF ហើយ បន្ទាប់ពីយកឈ្នះក្រុមខ្លាំងសិង្ហបុរី Home United ដោយលទ្ធផល ៣-២ នៅក្នុងជំនួបលើទីលានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ដែលទើបបញ្ចប់ការប្រកួតនាព្រលប់ថ្ងៃទី០៦ ខែមីនានេះ ។

សម្រាប់ប្រកួតទី៣ នេះ ក្រុម Home United គឺជាអ្នករកបានគ្រាប់បាល់បំបែកពងមាន់បានមុន ដោយកីឡាករ Song Ui-Young នៅនាទីទី២ ប៉ុន្ដែ ១០នាទីក្រោយមកកីឡាករ Maycon និងមិត្ដរួមក្រុម Gbenga Samuel រកបានម្នាក់ ១គ្រាប់ឲ្យក្រុមបឹងកេត ដើម្បីនាំមុខ ២-១ លើក្រុមភ្ញៀវវិញ ។ មិនតែប៉ុណ្ណោះនៅនាទី៤១ កីឡាករ Maycon បានទាត់បាល់ពិន័យ ១១ម៉ែត្របានសម្រេច ១គ្រាប់ទៀត ដែលធ្វើឲ្យបឹងកេតនាំមុខ ៣-១ នៅតង់ទី១ ។

ប៉ុន្ដែចូលតង់ទី២ អ្នកចាំទីបឹងកេត ស៊ូ យ៉ាទី បានបង្កកំហុសដ៏គួឲ្យសោកស្ដាយបំផុត ក្នុងប្រអប់គ្រោះថ្នាក់ ដែលនាំឲ្យកីឡាករ Faritz Hameed ទាត់បាល់បំប៉ោងសំណាញ់ទីយ៉ាងងាយ ដើម្បីរកគ្រាប់បាល់ទី២ ឲ្យក្រុម Home United នៅនាទី៦៧ អំឡុងពេល ស៊ូ យ៉ាទី មិនបានប្រុងប្រយ័ត្ន ។ ប៉ុន្ដែយ៉ាងណារយៈពេលជាង ២០នាទីចុងក្រោយ ក្រុមទាំងពីរមិនអាចរកគ្រាប់បាល់បន្ថែមនោះទេ ធ្វើឲ្យចប់ការប្រកួតពេញម៉ោង ៩០នាទីបឹងកេត ឈ្នះ Home United ៣-២ តែម្ដង ។

សរុបលទ្ធផលជាបណ្ដោះអាសន្នពេលនេះ ក្រោយបញ្ចប់ ៣ប្រកួតដូចៗគ្នាក្នុងពូលF ក្រុមបឹងកេត នៅតែបន្ដឈរបាត់តារាង តែមាន ៣ពិន្ទុក្នុងដៃ ដូចក្រុម Shan United របស់មីយ៉ាន់ម៉ា ជាមួយលទ្ធផល ៣ប្រកួតឈ្នះ១ និងចាញ់ ២ ដូចគ្នា ។ រីឯក្រុម Ceres-Negros របស់ហ្វីលីពីន បានបន្ដឈរកំពូលតារាង ដោយមាន ៧ពិន្ទុក្នុងដៃ ក្រោយរកបាន ៣ពិន្ទុបន្ថែម ក្រោយយកឈ្នះក្រុម Shan United ២-០ កាលពីល្ងាចមិញ ។ ចំណែកក្រុម Home United កំពុងឈរលេខរៀងទី២ និងមាន ៤ពិន្ទុ ក្រោយឆ្លងកាត់ ៣ប្រកួតឈ្នះ១ ស្មើ១ និងចាញ់ ១ ៕

អត្ថបទ៖ បុត្រា

មតិយោបល់