ក្រុម U16កម្ពុជា ចេញទៅប្រកួតពានរង្វាន់នៅជប៉ុនយប់មិញ

នូ មករា March 6, 2018


ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនក្រោមអាយុ ១៦ឆ្នាំកម្ពុជា បានចាកចេញពីស្រុកកំណើត ធ្វើដំណើរទៅប្រទេសជប៉ុនហើយកាលពីយប់មិញ ដើម្បីចូលរួមប្រកួតពានរង្វាន់មិត្តភាពអន្ដរជាតិ JENESYS 2017 Japan-Asean U-16 Football Tournament ដែលគ្រោងចាប់ផ្ដើមនាចុងសប្ដាហ៍នេះ ។ នេះបើតាមការឲ្យដឹងពីមន្ដ្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។
  
បេសកកម្មនេះ គឺដឹកនាំដោយគ្រូបង្វឹកកូរ៉េខាងត្បូងលោក Lee Tae Hoon អមដោយកីឡាករយុវជន នៃសាលាបាល់ទាត់ជាតិបាទីសរុប ១៨នាក់ ដើម្បីចូលរួមព្រឹត្តិការណ៍អន្ដរជាតិខាងលើ ។ ក្រៅពីកម្ពុជា គឺមានក្រុមជម្រើសជាតិយុវជនក្នុងតំបន់អាស៊ាន ៩ប្រទេសទៀត ក៏ត្រូវចូលរួមក្នុងព្រឹត្តិការណ៍នេះដែរ ដូចជាសិង្ហបុរី, ម៉ាឡេស៊ី, ហ្វីលីពីន, ឡាវ, ព្រុយណេ, មីយ៉ាន់ម៉ា, វៀតណាម, ឥណ្ឌូនេស៊ី និងថៃ ។
 
ប៉ុន្ដែដោយសារពានរង្វាន់មិត្តភាពនេះ មានក្រុមម្ចាស់ផ្ទះជប៉ុនចូលរួម ២ក្រុមដែរ ដូច្នេះក្រុមចូលរួមសរុបមាន ១២ក្រុម ហើយត្រូវបែងចែកជា ៤ពូល សម្រាប់ធ្វើការប្រកួតជម្រុះ រកក្រុមខ្លាំងឡើងវគ្គបន្ដ ដោយក្នុងមួយពូលមាន ៣ក្រុម ក្នុងនោះក្រុមគោព្រៃជំទង់កម្ពុជា គឺស្ថិតក្នុងពូលB ជាមួយឥណ្ឌូនេស៊ី និងហ្វីលីពីន ហើយបើតាមគម្រោងបើកឆាកក្រុម U16កម្ពុជា ត្រូវជួបក្រុម U16ឥណ្ឌូនេស៊ី នាល្ងាចថ្ងៃទី០៩ ខែមីនាចុងសប្ដាហ៍នេះ ៕
អត្ថបទ៖ បុត្រា

មតិយោបល់