AFC Cup៖ គ្រូ Home United ថា ប៉ះបឹងកេតស្អែកនេះ គឺជាការធ្វើតេស្ដកីឡាករត្រៀមជើងទី២

នូ មករា March 5, 2018


ភ្នំពេញ៖ លោក Aidil Sharin គ្រូបង្វឹកក្រុម Home United របស់សិង្ហបុរី បានលើកឡើងថា ក្រុមខ្លួនបានត្រៀមលក្ខណៈសម្បត្តិរួចរាល់ហើយ ដើម្បីជួបក្រុមបឹងកេតអែហ្វស៊ីរបស់កម្ពុជា នៅក្នុងជំនួបជើងទី១ នៃវគ្គជម្រុះពានរង្វាន់ក្លឹបបាល់ទាត់ជើងឯកអាស៊ី AFC Cup 2018 លើទីលានពហុកីឡដ្ឋានជាតិ នាវេលាម៉ោង ៦៖៣០នាទី ថ្ងៃទី០៦ ខែមីនាស្អែកនេះ ។ ប៉ុន្ដែការប្រកួតនេះ ក៏មិនខុសកាលក្រុម Home United ជួបក្រុម Shan United របស់មីយ៉ាន់ម៉ា និងក្រុម Ceres-Negros របស់ហ្វីលីពីនដែរ ដោយលោ Aidil Sharin បានចាត់ទុកជាការប្រកួតធ្វើតេស្ដសមត្ថភាពកីឡាករ ដើម្បីត្រៀមជើងទី២ ប៉ុណ្ណោះ ។

លោកនិយាយថា៖ «សម្រាប់ប្រកួតជើងទី១ គឺជាការធ្វើតេស្ដសមត្ថភាពកូនក្រុមរបស់ខ្ញុំ តើពួកគេមានសមត្ថភាព ស្ថិតត្រង់ចំណុចណាមួយ?» ។ តែលោកបានបញ្ជាក់ថា កាលបឹងកេត ចាញ់ Ceres-Negros ៩-០ គឺជាការបរាជ័យដ៏ធំសម្បើម ប៉ុន្ដែលោកមិនបានគិតពីលទ្ធផលនេះទេ ហើយលោកផ្ដោតលើបច្ចុប្បន្នភាពរបស់ក្រុមបឹងកេតវិញ ។ លោកថា បឹងកេតអាចនឹងមានការត្រៀមខ្លួនបានល្អជាងមុន ដើម្បីស្ដារស្ថានការណ៍ល្អប្រសើរឡើងវិញ ហេតុនេះលោកមិនអាចធ្វេសប្រហែស ចំពោះការប្រកួតក្រៅដីស្អែកនេះបានឡើយ ។ លើសពីនេះ លោកនឹងព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បីស្វែងរក ៣ពិន្ទុពីក្រុមបឹងកេត ៕

អត្ថបទ៖ បុត្រា

មតិយោបល់