លីគកំពូល៖ លោក មាស ចាន់ណា ពេញចិត្តទម្រង់លេង តែមិនសប្បាយចិត្តនឹងលទ្ធផលស្មើស្វាយរៀង ០-០

នូ មករា March 5, 2018


ភ្នំពេញ៖ ក្រោយបញ្ចប់ការប្រកួតរយៈពេល ៩០នាទីដ៏តានតឹង តែមិនអាចបំបែកពងមាន់គ្នាបានកាលពីយប់មិញ លោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើល មិនសូវពេញចិត្ត ចំពោះការទទួលបាន ១ពិន្ទុពីក្រុមព្រះខ័នរាជស្វាយរៀងឡើយ ។ ប៉ុន្ដែលោកបានពេញចិត្តខ្លាំង ចំពោះទម្រង់លេងរបស់កូនក្រុម ដែលធ្វើបានល្អ ពិសេសគឺអាចបំបែកកំណត់គ្រប់គ្រងបាល់លើក្រុមព្រះខ័នរាជស្វាយរៀងលើកដំបូង ក្នុងរយៈពេលលោកដឹកនាំក្រុមណាហ្គាវើល ៣ឆ្នាំកន្លងមក ។
  
«ចំពោះខ្ញុំ បើនិយាយពីលទ្ធផល គឺខ្ញុំអត់សប្បាយចិត្ត ព្រោះយើងបានបាត់បង់ ២ពិន្ទុ ។ តែបើទាក់ទងនឹងទម្រង់លង ខ្ញុំសប្បាយចិត្តវិញ ទី១ ដោយសារយើងមានឱកាសទាត់ចូលទីគេច្រើន តែយើងទាត់អត់ចូល ។ ទី២ ការគ្រប់គ្រងបាល់លើទីលានរបស់យើង គឺលើស្វាយរៀង ព្រោះកន្លងមកស្វាយរៀង និងភ្នំពេញក្រោន តែងស្ថិតលើយើងរហូត តែឆ្នាំនេះ យើងឈរលើស្វាយរៀងវិញ» ។ នេះគឺជាសម្ដីលោក មាស ចាន់ណា ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយចប់ការប្រកួតដំបូង ក្នុងលីគកំពូលកម្ពុជា រដូវកាលថ្មី ។
បន្ថែមលើនេះ លោកបានអះអាងថា ការប្រកួតបើកឆាករដូវកាលថ្មី អាចចាត់ទុកជារឿងល្អមួយក្នុងប្រវត្តិដឹកនាំរបស់ខ្លួន ព្រោះការចាប់ផ្ដើមដូចគ្នា កាលពីរដូវកាលមុនៗ ទម្រង់លេងរបស់កូនក្រុម គឺធ្វើមិនបានល្អ ដូចកកាលជួបក្រុមព្រះខ័នរាជស្វាយរៀង នារដូវកាលថ្មីនេះទេ ។ លោករំពឹងថា ការប្រកួតបន្ដបន្ទាប់ណាហ្គាវើល នឹងធ្វើបានកាន់តែល្អ ដើម្បីឈានទៅសម្រេចគោលដៅក្នុងរដូវកាលថ្មី ៕ អត្ថបទ៖ បុត្រា

 

មតិយោបល់