គ្រូបឹងកេត៖ រកបាន ៣ពិន្ទុពីអាស៊ីអឺរ៉ុប គឺមានទាំងរឿងល្អ និងរឿងអាក្រក់!

នូ មករា March 5, 2018


ភ្នំពេញ៖ លោក ហៅ សុជាតិ គ្រូបង្វឹកក្រុមបឹងកេត ហាក់មិនសប្បាយចិត្ត ចំពោះទម្រង់លេងរបស់កូនក្រុម សម្រាប់ជំនួបបើកឆាកលីគកំពូលកម្ពុជា រដូវកាលថ្មី សប្ដាហ៍ទី១ ជាមួយក្រុមម្ចាស់ផ្ទះអាស៊ីអឺរ៉ុប ដោយបានយកឈ្នះក្នុងលទ្ធផល ៤-៣ ឡើយ ។ បន្ថែមលើនេះ លោកថែមទាំងថ្លែងលក្ខណៈស្ដីបន្ទោសកូនក្រុមរបស់ខ្លួនទៀត ដែលធ្វើឲ្យរបូតឱកាសល្អ បង្កើតជារឿងដ៏អាក្រក់ក្នុងការប្រកួតនេះទៅវិញ ។
លោកបានលើកឡើងថា៖ «លទ្ធផលនេះ គឺវាល្អ ហើយក៏មានអាក្រក់ណាស់ដែរ ។ យើងមើលទៅ យើងរកបាន ៣ពិន្ទុ តែបើមើលទៅទម្រង់លេងរបស់កីឡាករ គឺធ្វើមិនបានល្អទេ ក្នុងការប្រកួតនេះ ដោយសារយើងនាំមុខគេ ៤គ្រាប់ បែរជាបណ្ដោយឲ្យគេវាយបកបាន ៣គ្រាប់វិញ…។ និយាយទៅយើងមានឱកាសច្រើន តែដល់កីឡាករមួយចំនួន ដូចជាប្រមូលអារម្មណ៍លេងអត់បានល្អ ក្រោយនាំមុខគេ ៤គ្រាប់ ដោយគាត់មានការប្រមូលអារម្មណ៍អត់ល្អ ក្នុងការការពារគ្រាប់បាល់វាយបករបស់គូប្រកួត» ។
យ៉ាងណាមិញលោកមិនបន្ទោសធ្ងន់ធ្ងរលើកូនក្រុមនោះទេ ដោយសារលោកយល់ពីកម្មវិធីប្រកួតដ៏មមាញឹករបស់បឹងកេត ជាក់ស្ដែងនៅថ្ងៃទី០៦ ខែមីនាស្អែកនេះ ក្រុមបឹងកេតត្រូវបើកទ្វាពហុកីឡដ្ឋានជាតិ បន្ដជួបក្រុម Home United នៅក្នុងវគ្គជម្រុះពានរង្វាន់ក្លឹបបាល់ទាត់ជើងឯកអាស៊ី AFC Cup 2018 ប្រចាំពូលF លើទឹកដីកម្ពុជាជាដើម ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់