ក្រុមរបស់ ប្រាក់ មុន្នីឧត្តម ប្ដូរគ្រូបង្វឹកថ្មី ស្របពេលក្រុមស្ថិតក្នុងប្រអប់គ្រោះថ្នាក់

នូ មករា March 1, 2018


ភ្នំពេញ៖ ក្រុមបាល់ទាត់សមាជិកលីគកំពូលម៉ាឡេស៊ី Negeri Sembilan របស់កីឡាករកម្ពុជា ប្រាក់ មុន្នីឧត្តម បានសម្រេចផ្លាស់ប្ដូរគ្រូបង្វឹកថ្មីហើយ ក្រោយឆ្លងកាត់ការប្រកួត ៤សប្ដាហ៍ទទួលបានលទ្ធផលមិនសូវល្អ ។ នេះបើតាមការជូនដំណឹងលើទំព័រហ្វេសប៊ុករបស់ក្លឹប Negeri Sembilan កាលពីម្សិលមិញ ។
សម្រាប់គ្រូបង្វឹកថ្មី ដែលត្រូវដឹកនាំក្រុម Negeri Sembilan បន្ដ គឺលោក Mohd Azrrai Khor Bin Abdullah ដែលបានចូលជំនួសតំណែងគ្រូបង្វឹកអាល្លឺម៉ង់ Jorg Steinebrunner ។ យ៉ាងណាមិញលោក Mohd Azrrai Khor Bin Abdullah ក៏ធ្លាប់មានប្រវត្តិដឹកនាំក្រុម Negeri Sembilan ម្ដងរួចមកហើយ កាលពីរដូវកាលឆ្នាំ២០១១-២០១២ ។
សូមបញ្ជាក់ថា បច្ចុប្បន្នរបស់ក្រុមកីឡាករឆ្នើមកម្ពុជា ប្រាក់ មុន្នីឧត្តម កំពុងឈរលេខ១១ ហើយកាន់ ៣ពិន្ទុក្នុងដៃ បន្ទាប់ពីឆ្លងកាត់ ៤ប្រកួតឈ្នះ១ និងចាញ់ ៣ ។ ចំពោះភារកិច្ចដំបូងរបស់លោក Mohd Azrrai Khor Bin Abdullah ដែលលោកត្រូវដឹកនាំក្នុងលីគកំពូលម៉ាឡាស៊ីរដូវកាលថ្មីនេះ គឺលោកត្រូវដឹកនាំក្រុម Negeri Sembilan ជួបក្រុមខ្លាំង Pahang FA របស់កីឡាករ ចាន់ វឌ្ឍនាកា នាថ្ងៃទី១០ ខែមីនាខាងមុខ ៕
អត្ថបទ៖ បុត្រា

មតិយោបល់