លីគ U14 និង U16 រកឃើញក្រុមឡើងជុំផ្ដាច់ព្រ័ត្រ ខណៈលីគនារីឈានដល់វគ្គ ១/២

នូ មករា February 28, 2018


ភ្នំពេញ៖ ការប្រកួតបាល់ទាត់ក្របខណ្ឌជើងឯកថ្នាក់ជាតិ ឬលីគយុវជនក្រោមអាយុ ១៤ឆ្នាំ(U14) និងអាយុក្រោម ១៦ឆ្នាំ(U16) ឆ្នាំ២០១៨-២០១៨ បានរកឃើញក្រុមជើងខ្លាំងតាមពូលនីមួយៗ ដើម្បីឡើងជុំផ្ដាច់ព្រ័ត្រ ក៏ដូចជាចាប់ឆ្នោតវគ្គបន្ដរួចហើយ ។ ចំណែកលីគបាល់ទាត់នារី ក៏បានរកឃើញក្រុមឡើងវគ្គ ៤ក្រុមចុងក្រោយផងដែរ បន្ទាប់ពីឆ្លងកាត់ការប្រកួតតាមពូលអស់រយៈពេលជាង ២ខែកន្លងទៅ ។

សម្រាប់លីគយុវជន U14 ក្រុមដណ្ដើមបានកៅអីជុំផ្ដាច់ព្រ័ត្រ និងលទ្ធផលក្នុងការចាប់ពូលកាលពីព្រឹកមិញ រួមមានពូលA មានក្រុមខេត្តស្វាយរៀង, ខេត្តកំពង់ស្ពឺ, ខេត្តព្រៃវែង និងខេត្តកណ្ដាល រីឯពូលB មានក្រុមខេត្តកោះកុង, ខេត្តព្រះសីហនុ, ព្រះខ័នរាជស្វាយរៀង និងក្រុមយុវជនក្រសួងការពារជាតិ ។ ចំណែកលីគ U16 ចំពោះពូលA មានក្រុមព្រះសីហនុ, ខេត្តស្វាយរៀង, កំពង់ស្ពឺ និងមជ្ឈមណ្ឌលជាតិបាទី ខណៈពូលB មានក្រុមយុវជនក្រសួងការពារជាតិ, ខេត្តកោះកុង, ខេត្តត្បូងឃ្មុំ និងសាលាបាល់ទាត់ភ្នំពេញ ។ ចំពោះកម្មវិធីប្រកួតលីគ U14 និង U16 គ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី០២ ខែមីនាចុងសប្ដាហ៍នេះ ហើយគ្រោងនឹងបញ្ចប់ថ្ងៃទី១៧ ខែមីនាដដែល ។

ដោយឡែកលីគបាល់ទាត់នារី មិនមានការបែងចែកពូលនោះទេ ដោយក្រុមលេខ១ និងលេខ២ នៃពូលA និងពូលB ត្រូវធ្វើការប្រកួតខ្វែងគ្នា ក្នុងនោះក្រុមលេខ១ ពូលA ខេត្តបាត់ដំបង ត្រូវជួបក្រុមលេខ២ ពូលB ខេត្តស្វាយរៀង រីឯក្រុមលេខ១ ពូលB ខេត្តកំពង់ស្ពឺ ត្រូវជួបខេត្តកំពង់ឆ្នាំង ដែលជាក្រុមលេខ២ ពូលA ។ រាល់ការប្រកួតជម្រុះ រហូតដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទាំងលីគ U14, U16 និងលីគបាល់ទាត់នារី ត្រូវធ្វើឡើងទីលានបាល់ទាត់បាទី តែវគ្គផ្ដាច់ព្រ័ត្រទាំងអស់ត្រូវប្រកួតនៅទីលានវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន មេមត់ ៕

អត្ថបទ៖ បុត្រា

មតិយោបល់