AFC Cup៖ គ្រូបង្វឹកបឹងកេត សោកស្ដាយរឿងមួយ ក្រោយចាញ់ Shan United ២-១ យប់មិញ

នូ មករា February 28, 2018


ភ្នំពេញ៖ ក្រុមបាល់ទាត់បឹងកេតអែហ្វស៊ីរបស់កម្ពុជា បានបន្ដបរាជ័យមួយប្រកួតទៀតហើយ ដោយបានប្រកួតចាញ់ក្រុមភ្ញៀវ Shan United របស់មីយ៉ាន់ម៉ា ដោយលទ្ធផល ២-១ ក្នុងវគ្គជម្រុះពានរង្វាន់ AFC Cup 2018 ប្រចាំពូលF លើទីលានពហុកីឡដ្ឋានជាតិកាលពីយប់មិញ ។ ការបន្ដរបូត ៣ពិន្ទុក្នុងទឹកដីនេះ បានបន្សល់នូវការសោកស្ដាយមួយដ៏ធំ សម្រាប់គ្រូបង្វឹកក្រុមម្ចាស់ផ្ទះលោក កែវ កុសល ជុំវិញកូនក្រុម ដែលធ្វើឲ្យបាត់បង់ឱកាសនៅក្នុងវគ្គទី១ ។
   
ការប្រកួតនេះ បឹងកេតឱកាសច្រើននៅតង់ទី១ ហើយក៏មានឱកាសស៊ុតបំប៉ោងសំណាញ់ទីក្រុម Shan United ១គ្រាប់មុនដែរ ដោយកីឡាករ Maycon នៅនាទី២៨ តែនៅចុងវគ្គកីឡាករ Dway Ko Ko Chit បានវាយបកតាមស្មើឲ្យក្រុមមីយ៉ាន់ម៉ាវិញ មុននឹងកីឡាករ Christopher Chizoba បន្ថែម ១គ្រាប់ទៀតឲ្យក្រុម Shan United នៅនាទី៥៥ ដែលជាគ្រាប់បាល់ជ័យជម្នះតែម្ដង ។ ក្រោយចប់ការប្រកួតលោក កែវ កុសល បានស្ដីបន្ទោសមួយចំនួន ចំពោះខ្សែប្រយុទ្ធ ដែលមិនបានចុះមកជួយតំបន់បម្រើ ទើបធ្វើឲ្យគូភាគីមានឱកាសវាយបកយកឈ្នះដូច្នេះ ។
លោក កែវ កុសល បាននិយាយថា៖ «មុនថ្ងៃប្រកួត យើងបានត្រៀមល្អ តែដល់ថ្ងៃប្រកួតយើងមិនដឹងម៉េចដែរ ។ ប៉ុន្ដែអ្វីដែលយើងសោកស្ដាយ គឺពេលយើងមានឱកាសនៅតង់ទី១ បើសិនយើងធ្វើបានសម្រេច យើងអាចនាំមុខដល់ទៅ ៣ ទៅ ៤គ្រាប់ ។ ចឹងបើយើងនាំមុខច្រើនគ្រាប់មុន ខ្ញុំជឿថា ទាំងកម្លាំងកាយ និងកម្លាំងចិត្តរបស់ Shan United នឹងបាក់ ហើយចូលតង់ទី២ យើងនឹងស្រួលលេង ។ តែគួរឲ្យស្ដាយមុនចប់តង់ទី១ ពួកគេបានតាមស្មើ ១-១ ទើបធ្វើឲ្យពួកគេមានកម្លាំងចិត្ត វាយបកយកឈ្នះវិញ» ។
 
គួរបញ្ជាក់ថា ការរបូត ៣ពិន្ទុពេលនេះ បានធ្វើឲ្យក្រុមបឹងកេត រក្សាកៅអីបាត់តារាងពូលF នៃវគ្គជម្រុះពានរង្វាន់ AFC Cup 2018 ក្រោយឆ្លងកាត់ ២ប្រកួតចាញ់ទាំងពីរ ខណៈប្រកួតទី១ ចាញ់ Ceres Negros របស់ហ្វីលីពីន ៩-០ ។ រីឯក្រុម Home United របស់សិង្ហបុរី និងក្រុម Ceres Negros ត្រូវឈរលេខ១ និងលេខ២ ដោយមាន ៤ពិន្ទុស្មើគ្នា ក្រោយឆ្លងកាត់ការប្រកួត ២លើកឈ្នះ១ និងស្មើ១ ក្នុងនោះកាលពីល្ងាចមិញពួកគេ បានបញ្ចប់ការប្រកួតដោយលទ្ធផលស្មើគ្នា ១-១ ៕
អត្ថបទ៖ បុត្រា

មតិយោបល់