ស្វាយរៀង បង្ហាញកីឡាករបរទេសទី៤ ទើបផ្លាស់ពីក្រុមលីគកំពូលម៉ុងហ្គោលី

នូ មករា February 28, 2018


ភ្នំពេញ៖ មុនការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជារដូវកាលថ្មី ចាប់ផ្ដើមនាចុងសប្ដាហ៍នេះ កាលពីម្សិលមិញ ក្រុមព្រះខ័នរាជស្វាយរៀង បានបន្ថែមសមាជិកថ្មី ដែលជាកីឡាករបរទេសម្នាក់ទៀតហើយ គឺកីឡាករជនជាតិជប៉ុន Ryota Ishikawa បន្ទាប់ពីធ្វើតេស្ដអស់រយៈពេលជាច្រើនសប្ដាហ៍កន្លងទៅ ។ នេះបើយោងតាមសេចក្ដីជូនដំណឹងលើទំព័រហ្វេសប៊ុករបស់ក្លឹបកាលពីល្ងាចមិញ ។ ប្រភពព័ត៌មានខាងលើ បានឲ្យដឹងថា កីឡាករមាឌល្អិត តែល្បឿនលឿនរូបនេះ ក៏ធ្លាប់លេងឲ្យក្លឹបសមាជិកកលីគកំពូលម៉ុងហ្គោលីផងដែរ ។
 
ក្លឹបបានបង្ហោះថា៖ «សូមស្វាគមន៍សមាជិកថ្មី Ryota Ishikawa ដែលទើបតែចុះកិច្ចសន្យាជាមួយក្លឹប ដើម្បីចូលរួមជាមួយក្លឹប នៅរដូវកាលថ្មីនេះ។ កីឡាករសញ្ជាតិជប៉ុនកម្ពស់ ១.៦៤ម៉ែត្រ តួនាទីជាខ្សែបម្រើប្រយុទ្ធរូបនេះ ធ្លាប់លេងឲ្យក្លឹប Lanexang United ក្នុងរដូវកាលឆ្នាំ២០១៤-២០១៥ ហើយក៏ធ្លាប់លេងឲ្យក្លឹប Erchim FC នៅរដូលកាលឆ្នាំ២០១៧ នៃ Mongolian Premier League ដែរ» ។
 
សូមបញ្ជាក់ថា Ryota Ishikawa គឺជាកីឡាករបរទេសទី៤ របស់ក្រុមចំណាត់ថ្នាក់លេខ៣ រដូវកាលចាស់ព្រះខ័នរាជស្វាយរៀង បន្ទាប់ពីកីឡាករកូរ៉េខាងត្បូង Whoo Hyun, កីឡាករជប៉ុន Daisuke Kobayashi និងកីឡាករអាហ្វ្រិកខាងត្បូង Shane Booysen អតីតសមាជិកក្រុមភ្នំពេញក្រោន ដែលបានចុះកុងត្រាជាមួយក្លឹប កាលពីពេលថ្មីៗកន្លងទៅ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់