AFC Cup៖ បឹងកេត ប៉ះ Shan United ល្ងាចនេះ អង្គុយបានត្រឹមកន្លែងមានដំបូលប៉ុណ្ណោះ!

នូ មករា February 27, 2018


ភ្នំពេញ៖ ក្រុមបឹងកេតអែហ្វស៊ីរបស់កម្ពុជា នឹងត្រូវជួបក្រុម Shan United របស់មីយ៉ាន់ម៉ា នាវេលាម៉ោង ៦៖៣០នាទីល្ងាចនេះ នៅក្នុងវគ្គជម្រុះពូលF នៃពានរង្វាន់ AFC Cup 2018 នៅលើទីលានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ។ ប៉ុន្ដែអ្វីដែលសំខាន់ការប្រកួតនេះ គឺអនុញ្ញាតឲ្យអ្នកគាំទ្រ ទៅអង្គុយទស្សនាត្រឹមកន្លែងមានដំបូល ឬតំបន់ទី១ ប៉ុណ្ណោះ ។ នេះបើយោងតាមការជូនដំណឹងរបស់ក្លឹបបឹងកេត លើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនកាលពីម្សិលមិញ ។

ជុំវិញការមិនអនុញ្ញាតឲ្យអ្នកគាំទ្រ ទៅអង្គុយកន្លែងគ្មានដំបូង ឬតំបន់ទី២ នេះដែរ លោក បែ មករា អ្នកចាត់ការទូទៅរបស់ក្រុមបឹងកេត បានបញ្ជាក់ថា គឺជាការតម្រូវរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី(AFC) ដោយពួកគេយោងតាមមូលហេតុ តំបន់ទី២ មិនទាន់មានលក្ខណៈសមស្របទៅតាមបទដ្ឋាន នៃតម្រូវការបទបញ្ជាពហុកីឡដ្ឋានរបស់ AFC នៅឡើយ ។ ដូច្នេះអ្នកគាំទ្រអាចទិញសំបុត្រក្នុងតម្លៃ ៨,០០០រៀល សម្រាប់ទស្សនានៅតំបន់ទី១ ដែលមានកន្លែងអង្គុយត្រឹម ៥,០០០កន្លែងប៉ុណ្ណោះ ។

សូមបញ្ជាក់ថា ជំនួបរវាងក្រុមបឹងកេត និងក្រុម Shan United ល្ងាចនេះ គឺជាការប្រកួតដ៏សំខាន់របស់ក្រុមទាំងពីរ ដែលត្រូវការ ៣ពិន្ទុរៀងៗខ្លួន បន្ទាប់ពីបរាជ័យក្នុងការប្រកួតដំបូងដូចគ្នា ក្នុងនោះបឹងកេត ចាញ់ម្ចាស់ផ្ទះ Ceres Negros របស់ហ្វីលីពីន ៩-០ និងក្រុម Shan United ចាញ់ក្រុមភ្ញៀវ Home United របស់សិង្ហបុរី ដោយលទ្ធផល ១-០ ។ ការប្រកួតនេះ ក៏មានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV-News ផងដែរ ៕

អត្ថបទ៖ បុត្រា

មតិយោបល់