លីគកំពូលម៉ាឡេស៊ី៖ ក្រុម ចាន់ វឌ្ឍនាកា, ធារី និង សុខផេង ស្គាល់ជ័យជម្នះលើកទី២

នូ មករា February 26, 2018


ភ្នំពេញ៖ ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលម៉ាឡេស៊ី ឆ្នាំ២០១៨ បានបញ្ចប់សប្ដាហ៍ទី៤ ហើយ ក្នុងនោះក្រុមមានវត្តមានកីឡាករកម្ពុជា ដូចជាក្រុម Pahang FA របស់ ចាន់ វឌ្ឍនាកា, ក្រុម Terengganu FC របស់ ធារី ចន្ថាប៊ីន និងក្រុម PKNP FC របស់ កែវ សុខផេង គឺសុទ្ធតែស្គាល់ជ័យជម្នះជាលើកទី២ រៀងៗខ្លួន លើកលែងតែក្រុម Negeri Sembilan របស់កីឡាករ ប្រាក់ មុន្នីឧត្តម ដែលបរាជ័យកាលពីចុងសប្ដាហ៍កន្លងទៅ ។

សម្រាប់ក្រុម Pahang គឺបានយកឈ្នះក្រុម Selangor ដោយលទ្ធផល ៣-១ ខណៈ ចាន់ វឌ្ឍនាកា លេងបាន ៧២នាទី តែរកមិនបានគ្រាប់បាល់នោះទេ ។ ជ័យជម្នះនេះបានជួយ Pahang ឡើងទៅឈរលេខ៣ បណ្ដោះអាសន្ន ក្រោយឆ្លងកាត់ ៤ប្រកួតឈ្នះ២ ស្មើ១ និងចាញ់១ មាន ៧ពិន្ទុ ។

រីឯក្រុមរបស់ ធារី ចន្ថាប៊ីន បានយកឈ្នះក្រុមរបស់កីឡាករ ប្រាក់ មុន្នីឧត្តម ដោយលទ្ធផល ២-១ ។ ជ័យជម្នះនេះ បានជួយក្រុម Terengganu ឡើងឈរលេខ២ ជាមួយលទ្ធផល ៤ប្រកួតឈ្នះ២ និងស្មើ២ មាន ៨ពិន្ទុ ។

ដោយឡែកកាលពីល្ងាចមិញក្រុមរបស់កីឡាករ កែវ សុខផេង បានយកឈ្នះក្រុម Kuala Lumpur ដោយលទ្ធផល ៣-០ ដែលជាលទ្ធផលមួយដ៏ល្អ ក្នុងចំណោម ៤ប្រកួតកន្លងមក ។ សម្រាប់ការរកបាន ៣ពិន្ទុនេះ បានជួយក្រុមរបស់ សុខផេង ឲ្យគេចផុតពីតំបន់គ្រោះថ្នាក់ មកឈរលេខរៀងទី៨ និងមាន ៦ពិន្ទុ ជាមួយលទ្ធផល ៤ប្រកួតដូចគ្នាឈ្នះ២ និងចាញ់ ២ប្រកួត ៕

អត្ថបទ៖ បុត្រា

មតិយោបល់