Tiger Street Football ត្រលប់មកអង្រួនអារម្មណ៍ប្រិយមិត្តកម្ពុជាសារជាថ្មី

គឹមហុក March 5, 2015


Tiger Street Football គឺជាកម្មវិធីប្រកួតកីឡាបាល់ទាត់មួយដ៏ពេញនិយមនៅក្នុងប្រទេសមួយចំនួន ក៏ដូចជានៅក្នុងប្រទេសកម្ពុជាយើងផងដែរ។ ជាមួយគ្នាផងដែរ ព្រឹត្តិការណ៍នេះតែងតែប្រារព្ធឡើងយ៉ាងគគ្រឹកគគ្រេងយ៉ាងតិចម្តងក្នុងមួយឆ្នាំនៅប្រទេសកម្ពុជាយើងដោយមុននឹងធ្វើការប្រកួតធំដើម្បីជ្រើសរកជើងខ្លាំងគណៈកម្មការ​រៀបចំការប្រកួតតែងតែបង្កើតឲ្យមានការប្រកួតជម្រុះយកក្រុមដែលខ្លាំងនៅតាមបណ្តាខេត្តនានាដើម្បីមកប្រកួតជម្រុះបន្តនៅឯរាជធានីភ្នំពេញ។

Tiger Street Football

សូមបញ្ជាក់ថា Street Football នេះគឺជាកីឡាមួយដែលមានភាពស្រដៀងទៅនឹងកីឡាហ្វូតសាលដែរ ដោយជាធម្មតាក្នុងមួយប្រកួតក្រុមម្ខាងៗត្រូវមានកីឡាករប្រាំនាក់ដូចគ្នាហើយនឹងលេងនៅក្នុងតារាងតូចមួយ។ ឯច្បាប់របស់វាវិញអាចនឹងត្រូវបានផ្លាស់ប្តូរអាស្រ័យលើគណៈកម្មការរៀបចំហើយវាមានច្រើនប្រភេទ និងប្រើប្រាស់ខុសៗគ្នាទៅតាមពេល និងតំបន់នីមួយៗ។ ក៏ប៉ុន្តែច្បាប់ដែលបានយកមកប្រើនៅក្នុងប្រទេសកម្ពុជាយើងនេះមាន ២ ប្រភេទដែលច្បាប់ទីមួយនោះគឺការលេងមានពីរតង់ហើយក្នុងមួយតង់មានរយៈពេល ៨ នាទីប៉ុណ្ណោះ។ នៅពេលដែលចប់នៅក្នុងលទ្ធផលស្មើគ្នាគឺគេមិនចាំបាច់កាត់សេចក្តីឲ្យមានបាល់ពិន័យទាត់ (Penalty) មួយស្មើជាមួយអ្នកចាំទីឡើយផ្ទុយទៅវិញគឺគេថែមម៉ោងមួយនាទីហើយដកកីឡាករម្នាក់ពីក្រុមទាំងពីរចេញពីទីលាន។ បើសិនជាមានក្រុមមួយស៊ុតបញ្ចូលទីក្រុមនោះនឹងឈ្នះតែម្តងប៉ុន្តែបើមិនអាចមានក្រុមណាស៊ុតចូលក្នុងរយៈពេលមួយនាទីទេនោះ ក្រុមទាំងពីរនឹងត្រូវដកកីឡាករម្ខាងម្នាក់ទៀតបន្ថែមទៀតដោយគេនឹងធ្វើបែបនេះរហូតដល់មានក្រុមណាមួយស៊ុតចូល។ រីឯច្បាប់មួយទៀតដែលយកមកប្រើនៅក្នុងប្រទេសកម្ពុជាសម្រាប់ការប្រកួតអន្តរជាតិនោះគឺ ការលេងមានរយៈពេល ១០ នាទីក្នុងមួយតង់ ហើយបើសិនជាក្រុមទាំងពីរស្មើគ្នានៅតង់ទីមួយគេនឹងដកកីឡាករឲ្យសល់តែត្រឹមបីនាក់ប៉ុណ្ណោះក្នុងតង់ទីពីរហើយការលេងនឹងត្រូវបញ្ចប់នៅតង់ទីពីរព្រោះការលេងនេះគ្រាន់តែជាការលេងដើម្បីសន្សំពិន្ទុតែប៉ុណ្ណោះ។ ចំពោះការទទួលនូវកាតលឿងគឺត្រូវដកចេញពីការប្រកួតចំនួន ២ នាទី បន្ទាប់មកគេអាចចូលក្នុងទីលានវិញបានចំណែកឯកាតក្រហមវិញគឺនឹងត្រូវបណ្តេញចេញពីការប្រកួតតែម្តង។ ក្រៅពីនេះមានតែអ្នកចាំទីទេដែលអាចមានសិទ្ធក្នុងការចាប់បាល់ហើយនៅក្នុង មួយវិញទៀតពេលដែលបាល់ចេញដោយក្រុមម្ខាងគេត្រូវបោះបាល់ទៅឲ្យអ្នកចាំទីម្ខាងទៀតដើម្បីបោះហើយការបោះបាល់មិនត្រូវបោះផុតពីចង្កេះឡើយបើមិនដូច្នេះនឹងត្រូវអាជ្ញាកណ្តាលពិន័យជាមិនខាន។

ដោយឡែកព្រឹត្តិការណ៍ Tiger Street Football ប្រចាំឆ្នាំ ២០១៥ ក្រុមហ៊ុនស្រាបៀរ Tiger បានពាំនាំយកមកនូវព្រឹត្តិការណ៍នេះសារជាថ្មីសម្រាប់ប្រជាពលរដ្ឋកម្ពុជាដែលស្នេហាវិស័យកីឡាបាល់ទាត់។ ដោយបានចាប់ផ្តើមទទួលពាក្យសម្រាប់ក្រុមដែលមានបំណងចង់មកដាក់ពាក្យប្រកួតដើម្បីមានឱកាសឈ្នះទឹកប្រាក់ ១ ម៉ឺនដុល្លារសហរដ្ឋអាម៉េរិគក្នុងព្រឹត្តិការណ៍នេះ។ ចំពោះការដាក់ពាក្យចូលរួមប្រកួតត្រូវដាក់ឲ្យបានមុនថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០១៥ នេះ។ ចំណែកឯលក្ខខណ្ឌនៃការចូលរួមប្រកួតគឺ ក្រុមនីមួយៗត្រូវមានសមាជិក ៧ នាក់ រួមទាំងអ្នកចាំទីហើយកីឡាករទាំងអស់ត្រូវមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ។ ចំពោះការប្រកួតនឹងប្រព្រឹត្តទៅនៅតាមទីកន្លែងដូចខាងក្រោម៖

ខេត្តសៀមរាប ចាប់ពីថ្ងៃទី ០៧-០៨ ខែមីនា

ខេត្តកំពង់ចាម ចាប់ពីថ្ងៃទី ១៤-១៥ ខែមីនា

ខេត្តបាត់ដំបង ចាប់ពីថ្ងៃទី ២១-២២ ខែមីនា

ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី ២៨-២៩ ខែមីនា

រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ០៣-០៤-០៥ ខែមេសា

ហេតុនេះសូមទស្សនិកចូលរួមទស្សនាឲ្យបានច្រើនកុះករដើម្បីបានជ្រាបថា តើក្រុមណាមួយដែលនឹងមានសក្តានុពលក្នុងការគ្រប់គ្រងពានរង្វាន់ Tiger Street Football ប្រចាំឆ្នាំ ២០១៥ នេះ?

 

អត្ថបទ៖ មករា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត