វៀតណាម ឈ្នះត្រឹមជើងឯករងពាន AFC U23 Championship ក្រោយចាញ់អូប៊េគីស្ថាន ២-១ មុននេះ

នូ មករា January 27, 2018


ភ្នំពេញ៖ នៅទីបំផុតក្រុមបាល់ទាត់អាយុក្រោម ២៣ឆ្នាំជម្រើសជាតិវៀតណាម បានទទួលត្រឹមតំណែងជើងឯករងពាន AFC U23 Championship បន្ទាប់ពីត្រូវបានក្រុម U23 ជម្រើសជាតិអ៊ូបេគីស្ថាន ផ្តួលក្នុងលទ្ធផល ២-១ រួចមក ។

គួរបញ្ជាក់ថា ការប្រកួតនេះបានប្រព្រឹត្តទៅក្រោមកម្លាំងនៃព្យះព្រិលដែលបានធ្លាក់សក្បុសពេញទីលានតែម្តង ដោយនៅក្នុងវគ្គទី១ កីឡាករអ៊ូបេគីស្ថាន Rustamjon Ashurmatov បានប្រើក្បាលតែតបញ្ចូលទីនៅនាទីទី៨ មុននឹងកីឡាករ Nguyen Quang Hai ទាត់ហ្វ្រីឃីកតាមស្មើវិញនៅនាទីទី៤១ ដែលនេះគឺជាគ្រាប់បាល់ទី៥ សម្រាប់រូបគេនៅក្នុងព្រឹត្តិការណ៍ប្រកួតកម្រិតទ្វីបអាសុីនេះផងដែរ ។ លុះចូលដល់វគ្គទី២ ក្រុមទាំងពីរបានបន្តរក្សាលទ្ធផល ១-១ ដដែល​រហូតដល់អាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួតតែម្តង ប៉ុន្តែនៅក្នុងម៉ោងបន្ថែម (នាទីទី១២០) កីឡាករ Andrey Sidorov បានទាត់បញ្ចូលទីបានមួយគ្រាប់ទៀតដើម្បីយកជ័យជម្នះនៅក្នុងការប្រកួតដ៏ស្វិតស្វាញនេះ ។

សូមបញ្ជាក់ដែរថា U23 វៀតណាម បានសាងនូវប្រវត្តិសាស្ត្រថ្មីក្នុងពិភពបាល់ទាត់ទ្វីបអាសុីក្នុងឋាន:ជាក្រុមមកពីតំបន់អាស៊ានដំបូងគេដែលបានឡើងដល់វគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ AFC U23 Championship នេះ ៕

អត្ថបទ៖ មករា

មតិយោបល់