ដំណឹងចុងក្រោយ ជុំវិញទ្រនំថ្មីរបស់ Booysen Shane ក្រោយចាកចេញពីភ្នំពេញក្រោន

នូ មករា January 23, 2018


ភ្នំពេញ៖ ក្រោយចាកចេញពីអតីតក្រុមជើងឯក ៦សម័យកាលភ្នំពេញក្រោន មកទល់ពេលនេះ ខ្សែប្រយុទ្ធ Booysen Shane នៅមិនទាន់ប្រកាសពីទ្រនំថ្មីរបស់ខ្លួន ដើម្បីបន្ដអាជីពនោះទេ ។ ប៉ុន្ដែថ្មីៗនេះ មានការលួចបង្ហើបពីអ្នកគាំទ្រដឹងចិត្តថ្លើមរបស់ក្លឹបដ៏មានឥទ្ធិផលក្នុងស្រុកមួយថា បច្ចុប្បន្នខ្សែប្រយុទ្ធសញ្ញាតិអាហ្វ្រិកខាងត្បូងរូបនេះ បាននឹងកំពុងចរចាខិតជិតនឹងចុះកុងត្រាជាមួយក្លឹបនោះហើយ គឺក្លឹបព្រះខ័នរាជស្វាយរៀង ។
ប្រភពដដែលបានបន្ដថា ដោយបានដឹងស្រាប់ពីសមត្ថភាពរបស់កីឡាករ Booysen Shane អំឡុងពេលលេងឲ្យក្លឹបភ្នំពេញក្រោន ថ្នាក់ដឹកនាំក្រុមព្រះខ័នរាជស្វាយរៀង ហាក់ពេញចិត្តចំពោះខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំរូបនេះ ។ ដូច្នេះហើយទើបអំឡុងពេលប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមម៉ាឡេស៊ី ដើម្បីធ្វើតេស្ដកីឡាករបរទេស កាលពីប៉ុន្មានសប្ដាហ៍មុន មិនមានវត្តមានគេចូលរួម តែធាតុពិតសាមីខ្លួន និងក្លឹប បានត្រូវរ៉ូវគ្នាលើលក្ខខណ្ឌមួយចំនួនធំ នៅឡើយតែលក្ខខណ្ឌបន្ដិចបន្ដួចទៀតប៉ុណ្ណោះ នឹងត្រូវចុះកុងត្រាជាមួយគ្នា ។
សូមបញ្ជាក់ថា កីឡាករមានស្រុកកំណើត នៅរដ្ឋធានី Cape Town ប្រទេសអាហ្វ្រិកខាងត្បូង Booysen Shane បានរួមរស់ជាមួយក្លឹបភ្នំពេញក្រោន ៣រដូវកាល មុននឹងចាកចេញ ហើយក៏ធ្លាប់រកបាន ២៤គ្រាប់ ដើម្បីរួមចំណែកឲ្យក្លឹបយក្សក្នុងស្រុកមួយនេះ ទទួលបានតំណែងជើងឯកលីគកំពូលកម្ពុជា លើកទី៦ ក្នុងឆ្នាំ២០១៥ កន្លងទៅផងដែរ ៕
អត្ថបទ៖ បុត្រា

មតិយោបល់