រឿងភ្ញាក់ផ្អើលក្នុងអាជីពបាល់ទាត់សម្រាប់គ្រូការពារជាតិបានកើតឡើងលើទឹកដីឥណ្ឌូនេស៊ី!

នូ មករា January 23, 2018


ភ្នំពេញ៖ ក្រោយបញ្ចប់ការប្រកួតពានរង្វាន់ Super Cup Asia 2018 នៅប្រទេសឥណ្ឌូនេស៊ី កាលពីចុងសប្ដាហ៍កន្លងទៅ ក្រុមក្រសួងការពារជាតិ(ទ័ព) បានបន្សល់នូវបទពិសោធជាច្រើនដើម្បីត្រៀមរដូវកាលថ្មីនៃលីគកំពូលកម្ពុជា ឆ្នាំ២០១៨ ពិសេសគឺគ្រូបង្វឹកផ្ទាល់លោក ទេព ឡុងរចនា បានជួបប្រទះនូវរឿងដ៏គួរឲ្យភ្ញាក់ផ្អើលបំផុតក្នុងអាជីពបាល់ទាត់របស់លោក ដែលមិនធ្លាប់ជួបប្រទះតាំងពីមុនមកឡើយ ។
 
ថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីធ្វើដំណើរមកដល់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ កាលព្រឹកមិញ លោក ទេព ឡុងរចនា បានលើកឡើងថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្រជាមួយក្រុម PSM Makassar របស់ម្ចាស់ផ្ទះឥណ្ឌូនេស៊ី គឺបានបញ្ចប់ដោយការអរផង និងភ័យផង ដោយកម្លាំងគាំទ្រដ៏មិននឹកស្មានរបស់ក្រុមអ្នកគាំទ្រឥណ្ឌូនេស៊ី រហូតធ្វើឲ្យក្រុមក្រសួងការពារជាតិ មានការព្រួយបារម្ភពីសុវត្ថិភាពទៀតផង ។
 
លោកបាននិយាយថា៖ «ការប្រកួតនេះ យើងបានរងសម្ពាធខ្លាំងពីអ្នកគាំទ្រ និងអាជ្ញាកណ្ដាល ដែលបានបង្កប់នូវរឿងលម្អៀងបន្ដិចបន្ដួចទៀតផង ។ តែអ្វីដែលសម្ពាធខ្លាំង គឺអ្នកគាំទ្រ ជាក់ស្ដែងទិដ្ឋភាពក្រោយចប់ការប្រកួត ទោះបីយើងចាញ់មែន តែក្នុងទីលានធ្វើឲ្យយើងបារម្ភ និងភ័យ ដោយសារអ្នកគាំទ្រជិតម៉ឺននាក់ គាត់រត់មកចង់បានអាវយើង…។ វាមិនមានការវាយតប់គ្នាទេ ប៉ុន្ដែគាត់ចង់បានខោអាវ លក្ខណៈអបអរសាទរ ដែលធ្វើឲ្យយើងរំភើបផង ភ័យផង ព្រោះតាំងពីជំនាន់ខ្ញុំលេង រហូតដល់ពេលនេះ ខ្ញុំមិនធ្លាប់ជួបព្រឹត្តិការណ៍បែបនេះឡើយ» ។
 
សូមរំឮកថា ការប្រកួតពានរង្វាន់ Super Cup Asia 2018 នៅឥណ្ឌូនេស៊ី គឺក្រុមម្ចាស់ផ្ទះ PSM Makassar គ្រងតំណែងជើងឯក ក្រោយយកឈ្នះក្រុមក្រសួងការពារជាតិ ដោយលទ្ធផល ៣-០ ដែលធ្វើឲ្យក្រុមតំណាងកម្ពុជា ទទួលបានត្រឹមជើងឯករង ។ ចំណែកលេខ៣ បានទៅក្រុម Home United របស់សិង្ហបុរី ដែលយកឈ្នះក្រុម Adelaide United របស់អូស្ដ្រាលី ដោយលទ្ធផល ១-០ ក្នុងជំនួបដណ្ដើមចំណាត់ថ្នាក់លេខ៣ និងលេខ៤ កាលពីថ្ងៃទី២១ ខែមករាកន្លងទៅ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់