ក្រុមរ៉ូលីងអេហ្វស៊ីលើកពាន Sponsor Futsal Cup 2017

នូ មករា January 22, 2018


ភ្នំពេញ: ព្រឹត្តិការណ៍ប្រកួតបាល់ទាត់លើទីលានតូចដែលគេប្រសិទ្ធិនាមថា Sponsor Futsal Cup 2017 នោះបានរកឃើញក្រុមដែលលើកពានហើយកាលពីព្រលប់ថ្ងៃទី២១ ខែមករាម្សិលមិញនេះ ។ ក្រុមទាំង១០គឺសុទ្ធតែជាក្រុមខ្លាំងដែលចម្រាញ់មកពីការប្រកួតជាម្រុះយ៉ាងតឹងតែងនៅមណ្ឌលទាំង ៥ ដែលរួមមានដូចជា ក្រុមរ៉ូលីងអេហ្វស៊ី, ហូមស្ប៉តអេហ្វស៊ី, ស៊ីសូផុនអេហ្វស៊ី, ហ្វាមីលីអេហ្វស៊ី, ហ្គារូដាអេហ្វស៊ី, ណិចស៍ អាប់អេហ្វស៊ី, កណ្ដុរ ស អេហ្វស៊ី, ក្រុមផេនដាអេហ្វស៊ី, ថោនស្ប៉ត និងក្រុម Jack Sport Club A ។
 
លោក កែវ រ៉េមី រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី ប្រធានសិទ្ធមនុស្សកម្ពុជា និងជាប្រធានសហព័ន្ធតេក្វាន់ ដូITF បានអញ្ជើញចូលរួមកបំពាក់មេដាយក្នុងពិធីបិទការប្រកួតនេះ ។ សម្រាប់វគ្គ១០ក្រុមចុងក្រោយនេះបានប្រកួតរយៈពេល២ថ្ងៃគឺថ្ងៃទី២០ និង២១ ខែមករានៅទីលានដោនថោនស្ប៉តក្លិបដែលការប្រកួតចែកចេញជា ២ពូលដែលមួយពូលៗមាន ៥ក្រុម ។
ក្នុងពូលនីមួយៗជ្រើសរើសយកក្រុមខ្លាំងចំនួន២ដែលមានពិន្ទុលើសគេដើម្បីប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។ ការប្រកួតសរុបមាន២៤ប្រកួត ។
សម្រាប់៥ក្រុមរបស់ពូល A មាន កណ្ដុរ ស អេហ្វស៊ី, ហូមស្ប៉ត អេហ្វស៊ី, ស៊ីសីផុនអេហ្វស៊ី, ផេនដាអេហ្វស៊ី និង ហ្គារូដាអេហ្វស៊ី ។ នៅក្នុងពូលB មានក្រុមហ្វាមីលីអេហ្វស៊ីុ, រ៉ូលីងអេហ្វស៊ី, ណេចស៍ស្ដេបអេហ្វស៊ី, ដោនថោនស្ប៉ត និងក្រុម Jack Sport Club A ។ ទីបំផុតក្រុមដែលបានចំណាត់ថ្នាក់លេខ១ គឺក្រុមរ៉ូលីងអេហ្វស៊ីដែលបានប្រកួតផ្ដាច់ព្រ័ត្រឈ្នះក្រុមដោនថោន ស្ប៉តក្លិប ក្នុងលទ្ធផល ៤ទល់២បន្ទាប់ពីលេងក្នុងម៉ោងធម្មតាស្មើគ្នា១ ទល់១ហើយបានកាត់ក្ដីដោយការទាត់បាល់ប៉េណាល់ទីនោះ ។
ចំណាត់ថ្នាក់លេខ៣ បានទៅក្រុមហូមស្ប៉តដែលប្រកួតចុងក្រោយឈ្នះក្រុមកណ្ដុរ ស អេហ្វស៊ី ជាមួយនឹងលទ្ធផល ៦ ទល់២នោះ។
សូមបញ្ជាក់ថា កាលពីឆ្នាំចាស់ក្រុមអូម៉ាល់អេហ្វស៊ីជាក្រុមលើកពាន ។ ចំពោះប្រាក់រង្វាន់សម្រាប់ក្រុមជើងឯកគឺទទួលបាន ៣.០០០ដុល្លារ ជើងឯករង២.០០០ដុល្លារ ចំណាត់ថ្នាក់លេខ៣ បានចំនួន ១.០០០ដុល្លារ និងលេខ៤ បានរង្វាន់លើកទឹកចិត្តចំនួន ៨០០ដុល្លារ ។ ចំពោះក្រុមដែលបានចំណាត់ថ្នាក់ពីលេខ៥ដល់លេខ១០បានរង្វាន់លួងចិត្ត ៥០០ដុល្លារក្នុងមួយក្រុម ។ រីឯក្រុមហ្វែរផ្លេយ៍(Fair-Play)ដែលបានទៅក្រុមស៊ីសុផុនអេហ្វ ស៊ី ចំណែកឯកីឡាករដែលទាត់បាល់បញ្ចូលទីបានច្រើនជាងគេឈ្មោះ Owelabi Fisayo Blesing របស់ក្រុមរ៉ូលីងអេហ្វស៊ី ដែលទាត់បាល់បញ្ចូលទីបាន ២២បាល់ក្នុងរដូវកាលនេះ ។ សូមបញ្ជាក់ថា បើគិតទាំងការប្រកួតជម្រុះតាមមណ្ឌលនោះឆ្នាំនេះមានក្រុមបាល់ទាត់ចំនួន ១៦៨ក្រុមដែល មានកីឡាករចំនួន ១៦៨២នាក់ចូលរួម ៕
អត្ថបទ: វ៉ាន្នី

 

មតិយោបល់